គម្រោង​ព្រែកជីក​តម្លៃ ១០ពាន់​លាន​ដុល្លារ​របស់ប្រទេស​ចិន ​ចាប់ផ្តើមបើកធ្វើតេស្ត​សាកល្បង

អន្តរជាតិ

គម្រោងព្រែកជីក Pinglu ដែលមានទុនវិនិយោគសរុបជាង ១០ពាន់លានដុល្លាររបស់ប្រទេសចិន បានបញ្ចប់ដំណើរការមួយផ្នែកធំហើយ និងកំពុងឈានចូលដល់ដំណាក់កាលប្រតិបត្តិការសាកល្បង។ នេះបើបើតាមការចុះផ្សាយពីសារព័ត៌មាន China Daily។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រែកជីក Pinglu ដែល​ជា​គម្រោង​ធំ​មួយ​នៅ​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​បំពេញ​ទ្វារ​ទឹក​សំខាន់​ពីរ​ក្នុង​ចំណោម​ទ្វារ​ទឹក​សំខាន់ៗ​ចំនួនបី​របស់​ខ្លួន គឺ Ma Dao និង Xi Shi ដែល​អាចឲ្យព្រែកជីកនេះមានទឹកគ្រប់គ្រាន់សម្រាប់ការធ្វើ​នាវាចរណ៍​បាន​ពេញលេញ និង​ចាប់ផ្តើម​ប្រតិបត្តិការ​សាកល្បង។

យោងតាម​សាជីវកម្ម​ព្រែកជីក Pinglu បាននិយាយថា គម្រោងនេះរួចរាល់ចំនួន ៩៦% ហើយ ដោយ​នឹងត្រូវ​បើក​ដំណើរការជាផ្លូវការ ក្នុង​អំឡុង​ពេល​ពិព័រណ៍​ចិន-អាស៊ាន ​នៅ​ទីក្រុង Nanning ​ខេត្ត Guangxi ក្នុង​ខែកញ្ញាខាងមុខ។

Pinglu គឺជា​គម្រោង​ប្រឡាយ​ទឹក​សិប្បនិម្មិត​ធំ​បំផុត​របស់​ចិន​ បន្ទាប់ពី​ប្រឡាយ​ទឹក Grand Canal ដែល​បាន​សាងសង់​ជាង ២៥០០ឆ្នាំមុន។ គម្រោង​នេះ​មាន​គោលបំណង​អភិវឌ្ឍ​ការ​ដឹកជញ្ជូនតាម​ផ្លូវទឹក ផ្តល់​ទឹក​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ ការពារ​ទឹកជំនន់ និង​កែលម្អ​បរិស្ថាន​អេកូឡូស៊ី​នៃ​ទន្លេ។ ព្រែក​ជីក Pinglu មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៧២,៧ពាន់លានយន់ (ឬប្រមាណជាង ១០ពាន់លានដុល្លារអាមេរិក)។

ផ្លូវទឹក​ថ្មីនេះមានប្រវែង ១៣៤,២ គីឡូម៉ែត្រ​ លាតសន្ធឹង​ពី​អាងស្តុកទឹក Xixin ក្នុង​ទីក្រុង Hengzhou ខេត្ត Guangxi ទៅកាន់​កំពង់ផែ Qinzhou នៅលើច្រាំង​ឈូងសមុទ្រ Tonkin។ វាគឺជាគម្រោងសំខាន់មួយ​ក្រោម​ច្រករបៀង​ពាណិជ្ជកម្ម​ផ្លូវគោក និង​ផ្លូវទឹក​អន្តរជាតិ​ថ្មី ដែលភ្ជាប់​ភាគខាងលិច​ប្រទេសចិន ​ជាមួយ​ទីផ្សារ​ពិភពលោក។

យោងតាមអាជ្ញាធរមូលដ្ឋាន នៅពេលសាងសង់រួច ព្រែកជីកនេះនឹងកាត់បន្ថយចម្ងាយដឹកជញ្ជូន​ផ្លូវទឹក​ក្នុងស្រុក​សម្រាប់​ទំនិញនាំចេញ​ពីភាគនិរតី​ប្រទេសចិន​ជាង ៥៦០ គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងផ្លូវចាស់​ឆ្លងកាត់កំពង់ផែ Guangzhou ដោយសន្សំថវិកាបានប្រហែល ៥,២ពាន់លានយន់ (៧៦៨លានដុល្លារ) នៃថ្លៃដឹកជញ្ជូន​ជារៀងរាល់ឆ្នាំ៕​