ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ — នៅក្នុងដំណាក់កាលដំបូងនៃការបង្កើតម៉ាកយីហោ ធីភីស៊ីភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើការពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយក្នុងការគាំទ្រអង្គការដែលមិនមែនត្រឹមតែជា អ្នកឧបត្ថម្ភធម្មតានោះទេ។ អង្គការ ISFកម្ពុជា គឺជាស្ថាប័នមួយតែងតែជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរចិញ្ចឹមជីវិតដល់អាណាព្យាបាលនៅក្នុងសហគមន៍ខ្វះខាត ស្របពេលជាមួយគ្នានេះដែរ ធីភីស៊ីភីហ្សា-The Pizza Cambodia មានតម្រូវការក្នុងការកាត់ឯកសណ្ឋានសម្រាប់បុគ្គលិកថ្មី។ ក្រុមហ៊ុនបានធ្វើកិច្ចសហការគ្នាទៅលើចំណុចស្នូលរួមមួយ គឺម៉ាកយីហោថ្មីមួយដែលកំពុងស្វែងរកការចាក់ឫសក្នុងសហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រដើម្បីគាំទ្រស្នាដៃរបស់ពួកគេ ដូច្នេះ កិច្ចប្រត្តិបត្តិការនេះបានចាប់ផ្តើមយ៉ាងរលូន។

នៅព្រឹកថ្ងៃនេះ ក្រុមការងារ ធីភីស៊ីភីហ្សា-The Pizza Cambodia បានត្រឡប់មកវិញជាមួយ ភីហ្សាចំនួន ១០០ ប្រអប់ ដើម្បីបង្កើតភាពសប្បាយរីករាយពេញមួយព្រឹកជូនដល់កុមារចំនួន ២០០ នាក់ នៅក្នុងអង្គការ ISF Cambodia ផ្ទាល់ក្នុងខណ្ឌច្បារអំពៅ។ គោលបំណងគឺចង់បង្កើតភាពស្និទ្ធស្នាល និងចែករំលែកអាហារថ្ងៃត្រង់យ៉ាងរីករាយជាមួយកុមារៗដែលមានអាយុចន្លោះពី ៨ ដល់ ១២ ឆ្នាំ។ លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិ នៃអង្គការ ISFកម្ពុជា រួមជាមួយបុគ្គលិក បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ក្រុមការងារ ធីភីស៊ីភីហ្សា។
«អង្គការ ISFកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់របស់ ធីភីស៊ីភីហ្សា-The Pizza Cambodia ចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ ថ្ងៃនេះយើងចង់បង្ហាញវត្តមានផ្ទាល់នៅទីនេះ ដើម្បីចែករំលែកអាហាររួមគ្នា និងបង្កើតទំនាក់ទំនងកាន់តែល្អបន្ថែម»។ — ប្រសាសន៍របស់ លោក ទេព វីរៈ នាយកគ្រប់គ្រងនៃ ធីភីស៊ីភីហ្សា។
ការទស្សនកិច្ចនៅអង្គការ ISF Cambodia ពេលនេះចំពេលខួបអនុស្សាវរីយ៍២០ឆ្នាំ នៃការបង្កើតឡើងនៅកម្ពុជា នេះគឺជាការឆ្លុះបញ្ចាំងពីការលះបង់ និងការខិតខំប្រឹងប្រែងយ៉ាងស្ងប់ស្ងាត់ និងឥតឈប់ឈរអស់រយៈពេលពីរទសវត្សរ៍មកនេះ ដើម្បីកុមារនៅក្នុងសហគមន៍ដែលជារឿយៗត្រូវបានគេមើលរំលង។
«កាលពី ២០ ឆ្នាំមុន យើងបានចាប់ផ្តើមឡើងជាមួយជំនឿចិត្តតែមួយគត់ថា កុមារគ្រប់រូបសមស្របនឹងទទួលបានឱកាសស្មើៗគ្នាក្នុងការចាប់ផ្តើមជីវិត។ នៅពេលដែលដៃគូសហការដូចជា ធីភីស៊ីភីហ្សា- The Pizza Cambodia បានបង្ហាញវត្តមាននៅទីនេះ មិនមែននាំមកតែធនធានគាំទ្រនោះទេ ប៉ុន្តែថែមទាំងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងដ៏ពិតប្រាកដ ដែលវាបានរំលឹកយើងឱ្យឃើញកាន់តែច្បាស់ថា ហេតុអ្វីបានជាការងារមនុស្សធម៌នេះមានតម្លៃខ្លាំងបំផុត»។ — ប្រសាសន៍របស់ លោកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិនៃអង្គការ ISF Cambodia។
សម្រាប់ ធីភីស៊ីភីហ្សា- The Pizza Cambodia សកម្មភាពនាព្រឹកនេះ គ្រាន់តែជាការចាប់ផ្តើមនៃយុទ្ធនាការមនុស្សធម៌ក្រោមប្រធានបទ ភីហ្សាមួយចំណិត ក្តីសង្ឃឹមមួយជំហាន សម្រាប់សហគមន៍កាន់តែប្រសើរ(Bringing communities together, one slice at a time)។ ក្រុមហ៊ុននឹងនាំយកស្មារតីនៃការចែករំលែកដូចគ្នានេះ ទៅកាន់សហគមន៍ចំនួន ១៥ ផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៦នេះ ព្រោះថាការភ្ជាប់ទំនាក់ទំនងសហគមន៍ឱ្យកាន់តែជិតស្និទ្ធ មិនមែនគ្រាន់តែជាគម្រោងផែនការនោះទេ ប៉ុន្តែវាជាការអនុវត្តជាក់ស្តែងជាប្រចាំរបស់ក្រុមហ៊ុន។















