ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នឹងផ្តល់ផលចំណេញឱ្យកម្ពុជានៅអ្វីខ្លះ នាពេលខាងមុខ?

សង្គម​និង​សេដ្ឋកិច្ច

សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាក្នុងឆ្នំា២០២៣ ដែលចំណាយថវិការាប់រយលានដុល្លារអាមេរិកនេះ តើវានឹងផ្តល់ផលចំណេញឱ្យកម្ពុជាវិញនៅអ្វីខ្លះ នាពេលខាងមុខ ក្រៅពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នៅទូទំាងប្រទេស?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមអ្នកជំនាញខាងសេដ្ឋកិច្ច មើលឃើញថា កម្ពុជានឹងទទួលបានផលចំណេញធំៗ២យ៉ាង ខណៈអ្នកជំនាញខាងពាណិជ្ជកម្មថា ក្រៅពីសកលលោកស្គាល់កម្ពុជាកាន់តែច្បាស់ សម្រាប់អ្នកវិនិយោគបានមើលឃើញទឹកចិត្តថ្នាក់ដឹកនំារបស់ប្រទេសកម្ពុជា មានភាពទូលំទូលាយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ សម្រាប់កម្ពុជាទទួលបានផលចំណេញជាច្រើន៖១)- ផលចំណេញអំពីការផ្សាយពាណិជ្ជកម្មរបស់កម្ពុជា អស់រយៈពេលយូរណាស់ហើយមិនបានធ្វើជាម្ចាស់ផ្ទះ ទើបតែនៅឆ្នំា២០២៣នេះ ដែលយើងមានស្តាតមរតកតេជោ លក្ខណៈអន្តរជាតិ ដើម្បីទទួលរៀបចំការប្រកួតកីឡាគ្រប់សណ្ឋានបាន អ៊ីចឹងកម្ពុជានឹងត្រូវបានគេស្គាល់ជាច្រើន តាមរយៈការប្រកួតកីឡា ហើយធ្វើឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជា សម្រាប់អនាគតរបស់យើង គឺការទាក់ទាញអ្នកវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរ មកកាន់កម្ពុជាថែមទៀត។ ២)-ផលចំណេញអំពីការគ្រប់គ្រងរបស់សម្តេចតេជោហ៊ុនសែន ដែលរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ នៅក្នុងការប្រកួតកីឡានេះ ដោយមានការទទួលបដិសណ្ឋារកិច្ច ភ្ញៀវ និងកីឡាករជាច្រើន ព្រមទំាងមិនយកថ្លៃសំបុត្រចូលទស្សនា ដែលបណ្តាប្រទេសផ្សេងៗនៅលើសកលលោកយកថ្លៃសំបុត្រ តែកម្ពុជាមិនយក ហើយនេះគឺជាកេរ្តិ៍ឈ្មោះដ៏ប្រសើរ ដែលកម្ពុជាជាប្រទេសតូចតែបេះដូងធំ។

លោកបណ្ឌិត សង្កត់ធ្ងន់ថា «ចំពោះការមិនយកថ្លៃសំបុត្រចូលទស្សនានេះ រដ្ឋចំណាយថវិកាជាច្រើនលានដុល្លារអាមេរិកនេះ វានឹងអាចផ្តល់ឱ្យកម្ពុជានៅក្នុងពេលអនាគតច្រើនជាងនេះ រហូតដល់១០ដងឬច្រើនជាងនេះ ដោយសារតែកេរ្តិ៍ឈ្មោះ និងភាពល្បីរន្ទឺរបស់កម្ពុជា ហើយនេះគឺជាប្រវិត្តិសាស្ត្រមួយនៅក្នុងវិស័យកីឡាដែលប្រទេសដទៃផ្សេងទៀតមិនអាចប្រកួតកីឡាបាន ដោយមិនយកថ្លៃសំបុត្រចូលទស្សនាដូចនិងប្រទេសកម្ពុជាអ៊ីចឹងទេ ម្លោះហើយភាពល្បីល្បាញនេះ នឹងជួយកិត្តិសព្ទ័កម្ពុជាកាន់តែល្បីថែមទៀត»។

លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នំា២០២៣ មិនយកថ្លៃសំបុត្រចូលទស្សនា ខ្ញុំគិតថា នេះជារឿងមួយដ៏ល្អហើយក៏សំខាន់សម្រាប់កម្ពុជា ដែលមិនបានធ្វើជាម្ចាស់ផ្ទះជាង៦០ឆ្នំានេះ នឹងធ្វើឱ្យសកលលោក ក៏ដូចជាអ្នកចូលរួមមានការភ្ញាក់ផ្អើលនិងបានស្គាល់កម្ពុជាកាន់តែច្បាស់។

លោកឧកញ៉ា បន្តថា« ពិសេសធ្វើឱ្យអ្នកវិនិយោគ ឬអ្នករកស៊ី ពួកគាត់យល់ឃើញថា ទឹកចិត្តថ្នាក់ដឹកនំារបស់ប្រទេសកម្ពុជា មានភាពទូលំទូលាយណាស់ ដែលធ្វើឱ្យពួកគាត់មានចិត្តស្ទាក់ស្ទើរ ក្នុងការចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាទេ ព្រោះគាត់យល់ថា មនោសញ្ចេតនានិងមានការដោះស្រាយជាច្រើនសម្រាប់អ្នកវិនិយោគ ដោយមិនគិតតែទៅលើផលប្រយោជន៍។នេះជាភាពទាក់ទាញសម្រាប់អ្នកវិនិយោគ»។

បើតាម លោកឧកញ៉ា លឹម ហេង កម្ពុជាជាប្រទេសតូច តែមានទឹកចិត្តសប្បុរសធម៌ធំទូលាយ ហើយវាធ្វើឱ្យកូនខ្មែរនៅជំនាន់ក្រោយ ត្រូវរៀនសូត្រតាមថ្នាក់ដឹកនាំសព្វថ្ងៃ ហើយនេះជាគំរូវីរៈភាពមួយដែលមិនអាចកាត់ថ្លៃបាន។លើសពីនេះលោកឧកញ៉ាបានអំពាវនាវដល់ប្រជាពលរដ្ឋ យកកីឡានេះធ្វើជាការទាក់ទាញ និងផ្សព្វផ្សាយក្នុងការបង្កើតកិត្តិយសជាតិ។ស្នើសុំឱ្យមានការសាមគ្គីជាអន្តរជាតិ ចៀសវាងការយកកីឡាមកប្រកួតប្រជែងផ្នែកពូជសាសន៍ និងនយោបាយផ្សេងៗ។

ថ្មីៗនេះ បើយោងតាមសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ហើយមិនយកប្រាក់នេះ ក្នុងគោលបំណងដើម្បីទាញយកមនុស្សទំាងឡាយចូលមកស្គាល់កម្ពុជា។

សម្តេចតេជោ ហ៊ុនសែន គូសបញ្ជាក់ថា «លុយចំនួន៧លានដុល្លារអាមេរិក យើងនឹងចាយថែមដើម្បីចិញ្ចឹមកីឡាករ កីឡាការិនី ហើយខ្ញុំជឿជាក់ថា ពេលព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសដទៃទទួលរៀបចំ គេក៏អត់យកលុយពីកម្ពុជាវិញដែរ។ប៉ុន្តែអ្វីដែលកម្ពុជាចង់បាន គឺចង់បង្ហាញទឹកចិត្តមួយដូចដែលកម្ពុជាធ្លាប់ធ្វើទៅលើនាវាវេស្ទើរដាម នៅខេត្តព្រះសីហនុ»។

បើយោងតាមប្រសាសាន៍របស់សម្តេចតេជោ សម្រាប់រាជរដ្ឋាភិបាលមិនយកថ្លៃសំបុត្រចូលទស្សនាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងមនុស្សម្នាក់៥០ដុល្លារអាមេរិកនេះ វាមិនធ្វើឱ្យកម្ពុជាក្លាយជាអ្នកមានបានដែរ៕

អត្ថបទ៖សារេត