រាជរដ្ឋាភិបាលផ្តល់ទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក សម្រាប់ការសំអាតមីនក្នុងខេត្តចំនួន១០

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដល់កងកម្លាំង៣ ដើម្បីធ្វើការបោសសម្អាតចំការមីន ក្នុងខេត្តចំនួន១០ នៅឆ្នាំ២០២៣។ ការផ្តល់នូវទឹកប្រាក់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាកិច្ចសន្យា ស្តីពីការបោសសំអាតមីន គាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ រវាងអាជ្ញាធរមី និងកងកម្លាំងទាំង៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា សម្រាប់ផ្ទៃដីដែលកម្លាំងទាំង៣ នឹងត្រូវបោសសំអាត មានចំនួនជាង ១៨០គីឡូម៉ែត្រឡា ខណៈថវិកាបានមកពីប្រទេសជាដៃគូ និងសប្បុរសជននានា គឺត្រូវប្រើប្រាស់លើការងារបោសសំអាតចម្ការមីន នៅទូទាំងប្រទេស ជាច្រើនគីឡូម៉ែត្រក្រឡាទៀត ។

ជាមួយគ្នានោះ ឯកឧត្តម បានបន្តថា ការបោសសំអាតចម្ការមីននេះ នៅឆ្នាំ២០២៣ កងកម្លាំងមួកខៀវ នឹងអនុវត្តនៅខេត្តកោះកុង និងខេត្តមណ្ឌលគិរី លើផ្ទៃដីជាង ២៧គីឡូម៉ែត្រក្រឡា កងទ័ពជើងគោក អនុវត្តនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ លើផ្ទៃដីជាង ៤៦គីឡូម៉ែត្រក្រឡា ចំណែកកម្លាំងស៊ីម៉ាក់អនុវត្តនៅខេត្តប៉ៃលិន ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ លើផ្ទៃដីចំនួនជាង ១០៦គូឡូម៉ែត្រក្រឡា ។

ទន្ទឹមនឹងនោះ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពបោសសំអាតមីន នៅដើមឆ្នាំ២០២៣នេះ បើធៀបនឹងឆ្នាំមុនៗ គឺមានល្បឿនលឿនជាង ព្រោះមានកងកម្លាំងជាច្រើន ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស រួមទាំងមានសម្ភារបោសសំអាតទំនើប ខណៈថវិកាសម្ដេចតេជោ ៣០លានដុល្លារនេះ អាចធ្វើឲ្យមានលទ្ធភាពកាន់តែខ្លាំង លើការងារបោសសំអាតចម្ការមីននៅឆ្នាំនេះ៕