សម្តេច ហ៊ុន ម៉ាណែត ៖ ជាង២ម៉ឺនសហគ្រាស នឹងអាចទទួលបានការបញ្ចុះតម្លៃអគ្គីសនីពីរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងជំរុញឱ្យមានការបញ្ចុះតម្លៃថ្លៃអគ្គីសនីដល់សហគ្រាសផ្នែកឧស្សាហកម្ម និងសហគ្រាសផ្នែកកសិកម្មនៅកម្ពុជា ដើម្បីជំរុញដល់សកម្មភាពផលិត និងការចំណាយរបស់សគ្រាសទាំងនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដូច្នេះ ត្រូវបានធ្វើឡើងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ និយោជិត ចំនួន ១៨ ១០៤នាក់ មកពីបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ កាលថ្ងៃ ទី១៩ កញ្ញា​ ២០២៣។

នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ខណៈសម្តេចថា ក្នុងនោះ នឹងមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរលើការបញ្ចុះតម្លៃអគ្គីសនីណាមួយពីរដ្ឋាភិបាល។

សម្តេចបន្តថា៖«ការជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីនេះ គឺមិនអាចរង់ចាំដល់ឆ្នាំក្រោយទេ គឺពោលត្រូវអនុវត្តន៍ឱ្យបាននៅឆ្នាំនេះ អាចចាប់ផ្តើមពីខែ១០នេះតទៅ អាចសាកល្បង៣ខែសិន ថាអាចដំណើរការបានអត់? ដើម្បីធ្វើយ៉ាងណាសំដៅឱ្យសហគ្រាសទាំងនោះអាចមានលទ្ធភាពធ្វើការងារផ្សេងៗបាន»។

ជាមួយគ្នានេះ ក្រៅពីជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គីសនីដល់សហគ្រាសនៅកម្ពុជាហើយនោះ នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្ត ឬមូលដា្ននរបស់ខ្លួន  ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយផងដែរ៕

អត្ថបទ​៖ ពិសី