ស្ពានមិត្តភាពតម្លៃ ៤,៧ពាន់លានដុល្លារដែលតភ្ជាប់ពីទីក្រុង Detroit សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Windsor ប្រទេសកាណាដា នឹងបើកឲ្យធ្វើចរាចរណ៍ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ បើទោះបីជាមានការគំរាមកំហែងពីមុន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កកគម្រោងនេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ពិធីកាត់ខ្សែបូសម្រាប់ស្ពានអន្តរជាតិ Gordie Howe ត្រូវបានគ្រោងធ្វើឡើង នៅចុងសប្តាហ៍នេះ ហើយនឹងបើកឲ្យធ្វើចរាចរណ៍ នៅថ្ងៃទី១៥ ខែមិថុនាខាងមុខ។ ការសាងសង់ដែលតភ្ជាប់ទីក្រុង Detroit សហរដ្ឋអាមេរិក និង Windsor ប្រទេសកាណាដា បានចាប់ផ្ដើមនៅឆ្នាំ២០១៨ ដោយមានការវិនិយោគសរុបចំនួន ៤,៧ពាន់លានដុល្លារដែលផ្តល់មូលនិធិទាំងស្រុងដោយប្រទេសកាណាដា ខណៈពេលដែលសហរដ្ឋអាមេរិកបានបដិសេធមិនចូលរួមចំណែកនោះឡើយ។
ក្រុមប្រឹក្សាភិបាលបានបញ្ជាក់ថា ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍តាមកាលវិភាគ ហើយបានបញ្ជាក់ថា គម្រោងនេះគឺជាតំណភ្ជាប់សេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេសទាំងពីរ បើទោះបីជាមានសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែកុម្ភៈថា លោកនឹងមិនអនុញ្ញាតឲ្យស្ពាននេះដំណើរការក៏ដោយ។
ជុំវិញការសម្រេចចិត្តរបស់លោក ត្រាំ នេះ គឺបានកើតឡើង បន្ទាប់ពីប្រទេសកាណាដា បានបដិសេធក្នុងការលក់ភេសជ្ជៈមានជាតិអាល់កុលរបស់អាមេរិកមួយចំនួន និងដាក់ពន្ធលើផលិតផលទឹកដោះគោអាមេរិក ក៏ដូចជាការចរចាពាណិជ្ជកម្មរបស់ប្រទេសកាណាដា ជាមួយប្រទេសចិននាពេលកន្លងទៅផងដែរ។
គួរជម្រាបជូនផងដែរថា នៅក្នុងអំឡុងពេលអាណត្តិទីពីរនេះ លោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតដល់ប្រទេសកាណាដា និងបានដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើប្រទេសជិតខាងភាគខាងជើងរបស់សហរដ្ឋអាមេរិកមួយនេះ។ កាលពីខែមករា លោកបានប្រកាសថា លោកនឹងដាក់ពន្ធ ១០០% លើប្រទេសកាណាដា ប្រសិនបើប្រទេសនេះបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនទៀតនោះ៕

