ស្ពាន​មិត្តភាពអាមេរិក-កាណាដា​ តម្លៃជិត ៥ពាន់លានដុល្លារ ត្រៀមបើក​ឲ្យ​ធ្វើចរាចរណ៍​ ទោះរងការគំរាមកំហែងពីលោក ត្រាំ

អន្តរជាតិ

ស្ពានមិត្តភាពតម្លៃ ៤,៧ពាន់លានដុល្លារដែលតភ្ជាប់ពីទីក្រុង Detroit សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Windsor ប្រទេសកាណាដា នឹងបើកឲ្យធ្វើចរាចរណ៍ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ បើទោះបីជាមានការគំរាមកំហែងពីមុន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កកគម្រោងនេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​កាត់​ខ្សែ​បូ​សម្រាប់​ស្ពាន​អន្តរជាតិ Gordie Howe ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង នៅ​ចុង​សប្តាហ៍​នេះ ហើយនឹង​បើក​ឲ្យ​ធ្វើចរាចរណ៍​ នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនាខាងមុខ។ ការ​សាងសង់​ដែល​តភ្ជាប់​ទីក្រុង Detroit សហរដ្ឋអាមេរិក និង Windsor ប្រទេស​កាណាដា បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ២០១៨ ដោយ​មាន​ការ​វិនិយោគ​សរុបចំនួន ៤,៧ពាន់​លាន​ដុល្លារ​ដែល​ផ្តល់​មូលនិធិ​ទាំង​ស្រុង​ដោយ​ប្រទេស​កាណាដា ខណៈ​ពេលដែល​សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​ចូល​រួម​ចំណែកនោះឡើយ។

ក្រុមប្រឹក្សាភិបាល​បាន​បញ្ជាក់​ថា ស្ពាន​នេះ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​តាម​កាលវិភាគ ហើយ​បាន​បញ្ជាក់​ថា គម្រោង​នេះ​គឺជាតំណ​ភ្ជាប់​សេដ្ឋកិច្ច​ដ៏​សំខាន់​រវាង​ប្រទេស​ទាំង​ពីរ បើទោះបីជា​មាន​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ខែ​កុម្ភៈ​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្ពាន​នេះ​ដំណើរការ​ក៏ដោយ។

ជុំវិញការសម្រេចចិត្តរបស់លោក ត្រាំ នេះ គឺបានកើតឡើង បន្ទាប់ពីប្រទេសកាណាដា បានបដិសេធក្នុងការលក់ភេសជ្ជៈមានជាតិអាល់កុលរបស់អាមេរិកមួយចំនួន និងដាក់ពន្ធលើផលិតផលទឹកដោះគោអាមេរិក ក៏ដូចជាការចរចាពាណិជ្ជកម្មរបស់ប្រទេសកាណាដា ជាមួយប្រទេសចិននាពេលកន្លងទៅផងដែរ។

គួរជម្រាបជូនផងដែរថា នៅក្នុងអំឡុងពេលអាណត្តិទីពីរនេះ​ លោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតដល់ប្រទេសកាណាដា និងបានដាក់ពន្ធយ៉ាងធ្ងន់ធ្ងរលើប្រទេសជិតខាងភាគខាងជើងរបស់សហរដ្ឋអាមេរិកមួយនេះ។ កាលពីខែមករា លោកបានប្រកាសថា លោកនឹងដាក់ពន្ធ ១០០% លើប្រទេសកាណាដា ប្រសិនបើប្រទេសនេះបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនទៀតនោះ៕​