នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថា លោកគ្រោងហាមឃាត់ទៅលើវេទិកាអនឡាញដែលបង្កគ្រោះថ្នាក់ សម្រាប់កុមារដែលមានអាយុក្រោយ ១៦ឆ្នាំ ដោយជុំវិញឲ្យមានការរក្សាការចូលទៅប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលមានសុវត្ថិភាពជាងមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Times។

លោក Starmer ត្រូវបានគេរំពឹងថានឹងផ្តោតលើរបៀបដែលរដ្ឋាភិបាលអាចធានាបានថា បច្ចេកវិទ្យានាំមកនូវការផ្លាស់ប្តូរវិជ្ជមាន ខណៈច្បាប់សុវត្ថិភាពអនឡាញរបស់ចក្រភពអង់គ្លេស តម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការនានាដើម្បីការពារកុមារពីខ្លឹមសារអនឡាញខុសច្បាប់ និងបង្កគ្រោះថ្នាក់។
គួរឲ្យដឹងផងដែរថា ការព្រួយបារម្ភអំពីផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គមទៅលើសុខភាពផ្លូវចិត្ត និងសុវត្ថិភាពអនឡាញ បានជំរុញឱ្យចក្រភពអង់គ្លេសធ្វើការពិគ្រោះយោបល់លើការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ កាលពីដើមឆ្នាំនេះ ជាមួយនឹងការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ការកំណត់ពេលវេលា និងការរឹតបន្តឹងលើលក្ខណៈពិសេសនៃការរចនាដែលញៀន ខណៈវិធានការទាំងនេះកំពុងត្រូវបានពិចារណា។
ជម្រាបជូនថា ប្រទេសបារាំង ដាណឺម៉ាក និងប៉ូឡូញ ក៏កំពុងពិចារណារឹតបន្តឹងច្បាប់ជុំវិញការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារផងដែរ ខណៈពេលដែលប្រទេសក្រិកកាលពីខែមេសា បានប្រកាសថាខ្លួននឹងហាមឃាត់ការចូលទៅប្រើប្រាស់ដល់អ្នកដែលមានអាយុក្រោម ១៥ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២៧ តទៅ៕

