ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គនាយិកាក្រុមហ៊ុន AG Bottcher និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា បានបរិច្ចាគថវិកាជូនលោកយាយចំនួនពីររូប ដែលប្រកបរបរធ្វើកន្ត្រងប្រហុក នៅខេត្តកំពង់ឆ្នាំង ដោយម្នាក់ទទួលបានថវិកាចំនួន ២,០០០ដុល្លារអាមេរិក។

នៅលើបណ្តាញសង្គម នៅថ្ងៃទី៨ ខែមិថុនា ឧកញ៉ា ណូ សុភា បានលើកឡើងបែបនេះថា៖ “នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបចិត្តជាខ្លាំង នៅពេលបានឃើញស្នាមញញឹមដ៏កក់ក្តៅរបស់ដូនទាំងពីរ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងាររបស់នាងខ្ញុំបាននាំយកស្បៀងអាហារ និងថវិកាជូនដូនទាំងពីរ ដែលប្រកបរបរធ្វើកន្ត្រងប្រហុក នៅខេត្តកំពង់ឆ្នាំង ដោយដូនម្នាក់ទទួលបានថវិកាចំនួន ២,០០០ ដុល្លារ សរុបជាសាច់ប្រាក់ ៤,០០០ ដុល្លារ”។
ឧកញ៉ាជាសប្បុរសជនខ្មែររស់នៅក្រៅប្រទេស បានបន្ថែមថា ស្នាមញញឹម និងក្តីរំភើបរបស់ដូនទាំងពីរ គឺជាកម្លាំងចិត្តដ៏មានតម្លៃ និងជាសេចក្តីសុខដ៏ធំបំផុតសម្រាប់ពួកយើង។ ការចែករំលែកក្តីស្រឡាញ់ និងការជួយគ្នាក្នុងគ្រាលំបាក គឺជាអំណោយដ៏មានន័យសម្រាប់ជីវិត។ ជាចុងក្រោយ ឧកញ៉ា ណូ សុភា ក៏សូមជូនពរដល់ដូនទាំងពីរ មានសុខភាពល្អ មាំមួន អាយុយឺនយូរ ជួបតែសេចក្តីសុខ និងសុភមង្គលគ្រប់ពេលវេលា៕



