ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានប្តេជ្ញារួមគ្នាលើសកម្មភាពក្នុងការសម្របសម្រួល និងដោះស្រាយកង្វល់នានារបស់វិនិយោគិនជប៉ុន សំដៅទាញកំណើនវិនិយោគបន្ថែមទៀត។

នេះបើយោងតាមជំនួបពិភាក្សានៅ ទី៩ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ ជាមួយលោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នាទីក្រុងតូក្យូ។
ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពសំខាន់ៗជាច្រើនដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។

ក្នុងស្មារតីនេះ ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងមុតមាំ ក្នុងការប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែមទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបដែរថា ការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន៕អត្ថបទ៖ហ្សាលីន



