(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) អមដំណើរដោយ ឯកឧត្តមអនុប្រធាន ង៉ូវ បូរីណា រួមទាំងថ្នាក់ដឹកនាំ សមាគមធ្វើកិច្ចការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រកបរបររត់រ៉ឺម៉ក់កង់បី (PassApp/Grab) ដើម្បីជម្រាបជូនពីគោលនយោបាយជាតិសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការស្ទង់មតិពីការផ្លាស់ប្ដូរពីការប្រើប្រាស់ម៉ាស៊ីនប្រើប្រេងឥន្ធនៈ ឬ ហ្គាស ទៅជាម៉ាស៊ីនប្រើប្រាស់ថាមពលអគ្គិសនី (EV) ស្ថិតនៅបរិវេណកោះពេជ្រ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃជូនដំណឹងក្នុងការស្ទង់មតិមកដល់ពេលនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបររ៉ឺម៉កកង់បី បានចូលរួមឆ្លើយតបបានជាង ២ពាន់នាក់ហើយយុទ្ធនាការស្ទង់មតិនឹងចប់ក្នុងចុងសប្តាហ៍នេះ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាល ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IEL) បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូនបងប្អូនអ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធពីគោលនយោបាយជាតិ ជម្រុញលើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកស្ទួយជីវភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយគ្នានោះដែរ ឧកញ៉ាបណ្ឌិតប្រធាន បានជម្រុញឱ្យបងប្អូនអ្នកប្រកបរបររត់កង់បី ចូលរួមធ្វើការស្ទង់មតិ ដើម្បីចូលរួមវិវឌ្ឍលើការនប្រើប្រាស់ម៉ូតូរម៉កកង់បីប្រើថាមពលអគ្គិសនី។
បន្ទាប់មក ឧកញ៉ាបណ្ឌិតប្រធាន បានស្តាប់មតិយោបល់ត្រឡប់ បញ្ហាប្រឈម ក៏ដូចជាសំណូមពរផ្សេងៗជាក់ស្តែងនៅតាមដងផ្លូវ ដើម្បីយកជាធាតុចូលក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្រោយពីបិទបញ្ចប់ បងប្អូនអ្នកបើកបររ៉ឺម៉ក់កង់បីបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាតិទាំងអស់ ព្រមទាំងឧកញ៉ាបណ្ឌិតប្រធាន និងឯកឧត្តមអនុប្រធាន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះមកជួប ស្តាប់ និងផ្តល់ភាពកក់ក្តៅដល់ពួកគេដោយផ្ទាល់ដល់មូលដ្ឋាន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមិនបោះបង់អ្នកណាម្នាក់ឡើយ។ ក្រោយចប់ការសំណេះសំណាល ឯកឧត្តមប្រធានបានចូលរួមពិសារនំបញ្ចុក ជាមួយបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកបរបររត់កង់បី ដោយក្តីរីករាយ និងស្និតស្នាលបំផុត៕







