នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានអញ្ជើញចុះបំពេញបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃប្រទេសជប៉ុន ក្នុងដំណើរបេសកកម្មថ្ងៃទី១ ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី ដែលបានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារកម្រិតខ្ពស់ជាមួយ លោក Norihiko ISHIGURO ប្រធាន និងជានាយកប្រតិបត្តិ នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីស្នាក់ការកណ្តាលរបស់ JETRO នាទីក្រុងតូក្យូ ក្រោមកិច្ចសម្របសម្រួល និងរៀបចំយ៉ាងយកចិត្តទុកដាក់ពី JETRO ប្រចាំនៅរាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពសំខាន់ៗជាច្រើនដូចជាការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (BCT) ដែលផ្តោតលើការលើកកម្ពស់បរិយាកាសវិនិយោគ ការស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងការទាក់ទាញក្រុមហ៊ុនសាជីវកម្មធំៗ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យភាគីជប៉ុនចាប់ផ្តើមជាវិញនូវជើងហោះហើរត្រង់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ ដើម្បីចូលរួមជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕







