កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់ជើងហោះហើរត្រង់រវាងភ្នំពេញ សៀមរាប និងទីក្រុងហៃគូ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានកំពុងជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងហៃគូ និងការសិក្សាបន្ថែមលើផ្លូវហោះហើររវាងខេត្តសៀមរាប និងទីក្រុងហៃគូ សំដៅទាក់ទាញកំណើនទេសចរណ៍។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Li Guo Hong អ្នកគ្រប់គ្រង់ទូទៅក្រុមហ៊ុនHainan Development Holdings Co., Ltd កាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សានេះ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងហៃគូ និងការសិក្សាបន្ថែមលើផ្លូវហោះហើររវាងខេត្តសៀមរាប និងទីក្រុងហៃគូ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia និងអាកាសយានដ្ឋានអន្តរជាតិហៃណាន (Hainan Airport) ដើម្បីជំរុញការផ្លាស់ប្ដូរទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃកិច្ចពិភាក្សានោះដែរ លោក សុខ ថុល អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន Hainan Development Holdings Co., Ltd ដែលបានចំណាយពេលវេលាក៏មានតម្លៃសម្រាប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារដ៏មានសារៈសំខាន់នេះ ហើយក៏សូមស្វាគមន៍ និងគាំទ្រជានិច្ចនូវរាល់កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងទាំងអស់របស់ក្រុមហ៊ុននាពេលអនាគត។

សូមរម្លឹកដែរថា បើគិតត្រឹមរយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ថយចុះ៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ៕