អតិផរណារបស់សហរដ្ឋអាមេរិក បានកើនឡើងលើសពី ៤% ជាលើកដំបូង គិតចាប់តាំងពីដើមឆ្នាំ២០២៣ ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃតម្លៃថាមពល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី១០ ខែមិថុនា ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិកបានប្រកាសថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) របស់សហរដ្ឋអាមេរិក សម្រាប់ខែឧសភាបានកើនឡើង ៤,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ខណៈពេលដែលតួលេខនេះត្រូវគ្នានឹងការព្យាកររបស់អ្នកជំនាញ វាក៏ជាលើកដំបូងផងដែរ ដែលតួលេខនេះបានហក់ឡើងលើសពី ៤% គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។
អតិផរណាបានកើនឡើងជាចម្បងដោយសារតែការកើនឡើង ៣,៩% នៃតម្លៃថាមពលដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។ ដោយមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពលដែលមានការប្រែប្រួលរួចហើយ CPI ស្នូលរបស់សហរដ្ឋអាមេរិក បានកើនឡើងត្រឹមតែ ២,៩% ប៉ុណ្ណោះ។
របាយការណ៍នេះត្រូវបានចេញផ្សាយ នៅចំពេលកំពុងមានភាពរសើបសម្រាប់ទីផ្សារ និងអ្នកធ្វើគោលនយោបាយ។ នៅសប្តាហ៍ក្រោយ ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) គ្រោងនឹងធ្វើកិច្ចប្រជុំគោលនយោបាយរបស់ខ្លួន ពាក់ពន្ធទៅនឹងអត្រាការប្រាក់ ខណៈពេលដែលវិនិយោគិន បានបង្ហាញសង្ឃឹមថានឹងមានការដោះស្រាយទៅលើបញ្ហាអតិផរណា។
គួរជម្រាបជូនផងដែរថា ដោយសារសហរដ្ឋអាមេរិកនៅតែជាប់ពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់ វិនិយោគិនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា តម្លៃប្រេងដែលកើនឡើងខ្ពស់អាចប៉ះពាល់ដល់វិស័យផ្សេងទៀតនៃសេដ្ឋកិច្ច។ ទីផ្សារក៏ត្រូវបានរង្គោះរង្គើដោយការព្រមានរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនិយាយថាអ៊ីរ៉ង់នឹងបង់ថ្លៃសងសម្រាប់ការពន្យារពេលលើការចរចាសន្តិភាព៕

