កម្ពុជា-​សិង្ហបុរី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-សិង្ហបុរី ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការវិស័យធនធានទឹក និងឧតុនិយម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងសិង្ហបុរី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាជាច្រើននាពេលកន្លងមក។លោក ក៏បញ្ជាក់ពីតួនាទីដ៏ចម្បងរបស់ក្រសួងក្នុងការគ្រប់គ្រងទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងការព្យាករឧតុនិយម ដោយធ្វើការជូនដំណឹងជាមុនពីស្ថានភាពអាកាសធាតុ ព្រមទាំងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្ដិសុខទឹក តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។

សូមជម្រាបដែរថា តាមរយៈជំនួបពិភាក្សានោះ កម្ពុជា-សិង្ហបុរី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើនឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការវិស័យធនធានទឹក និងឧតុនិយម តាមរយៈការបណ្ដុះបណ្តាលបច្ចេកទេស និងភាពជាអ្នកដឹកនាំជាដើម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន