សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្ថលេខ ១៦១៥៧២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ការសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ឯក ទិត្យ វណ្ណៈ គឺតាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ២៧៩អនក្រ.តត ចុះថ្ងៃទិ១៨ ខែមីនា ឆ្នាំ២០២៦។
ការសម្រេចលុបឈ្មោះវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ បែបនេះ គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់អំពីមូលហេតុឱ្យដឹងថា «មិនគោរពច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ»។
គួររំលឹកថា កាលពីចុងឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ រួមជាមួយមេបញ្ជាការអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ៤នាក់ផ្សេងទៀត សរុប៦នាក់ ត្រូវបានលើកឡើងថា មានការពាក់ព័ន្ធនឹងការទទួលផលប្រយោជន៍ពីមុខសញ្ញាចែកចាយគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីនេះបានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន និងនាំឱ្យមានការស៊ើបអង្កេតពីសមត្ថកិច្ចពាក់ព័ន្ធ៕



