រោងចក្រផលិតកាបូប របស់ក្រុមហ៊ុន KB Cambodia ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំរោង ខេត្តតាកែវ គ្រោងពង្រីកទីតាំងបន្ថែមរហូតដល់ ៤អគារ ដែលអាចផ្តល់ឱកាសការងារបន្ថែម ២,០០០នាក់។ នេះបើតាមការបង្ហើបឱ្យដឹងពី អភិបាលខេត្តតាកែវ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកបានដឹកនាំគណៈប្រតិភូដែលរួមមាន មន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីស្រុកសំរោង ចុះពិនិត្យសកម្មភាព និងសួរសុខទុក្ខក្មួយៗដែលជាកម្មករ-កម្មការិនី កំពុងបំពេញការងារក្នុងរោងចក្រផលិតកាបូប របស់ក្រុមហ៊ុន KB Cambodia ស្ថិតក្នុងភូមិសាស្ត្រ ស្រុកសំរោង ខេត្តតាកែវ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នរោងចក្រមានកម្មករចំនួន ៥០០នាក់ កំពុងបំពេញការងារនៅទីនោះ។ រោងចក្រមានបំណងពង្រីក ៤ អគារ ដែលអាចផ្ដល់ឱកាសការងារបន្ថែមចំនួន ២,០០០នាក់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលត្រូវការការងារ សូមអញ្ជើញមកទាក់ទងនៅមន្ទីរការងារខេត្តតាកែវ ដើម្បីទទួលបាននូវឱកាសការងាររបស់ខ្លួន៕










