បន្ទាប់ពីមានការបង្ហោះវីដេអូពីប្អូនស្រីម្នាក់ពាក់ព័ន្ធនឹងផលិតផលថែរក្សាសម្រស់ កាលពីពេលថ្មីៗនេះ ដែលខ្លឹមសារក្នុងវីដេអូនោះ ទោះបីជាមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនចំៗក៏ដោយ ប៉ុន្តែការបរិយាយទាំងឡាយហាក់បង្ហាញឱ្យអតិថិជន ក៏ដូចជាមហាជនគិតផ្តោតមកលើក្រុមហ៊ុន ម៉ាក់អ៊ីអ៊ី (Mak EE)។

ដើម្បីជម្រះមន្ទិល និងបង្ហាញពីភាពស្មោះត្រង់ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន ម៉ាក់ អ៊ីអ៊ី ដោយមានវត្តមាន លោកឧកញ៉ា យឹម តាស្រង់ ប្រធានក្រុមប្រឹក្សាភិបាល លោកស្រី អគ្គនាយិកា ម៉ាក់ អ៊ីអ៊ី រួមទាំង លោកមេធាវី សាន សុផា បានរៀបចំធ្វើសន្និសីទសារព័ត៌មានយ៉ាងធំមួយ ដើម្បីបើកបង្ហាញពី «ប្រភព គុណភាព និងសុវត្ថិភាព» របស់ផលិតផល ម៉ាក់ អ៊ីអ៊ី ដែលជាផលិតផលសុទ្ធមកពីប្រទេសកូរ៉េ ជូនដល់បណ្តាអាជីវករ អ្នកសារព័ត៌មាន អតិថិជន និងសាធារណជនបានឃើញយ៉ាងច្បាស់ស្តែងៗតែម្តង។
នៅក្នុងឱកាសនោះ លោកឧកញ៉ា យឹម តាស្រង់ បានបញ្ជាក់យ៉ាងដាច់អហង្ការថា ចាប់តាំងពីថ្ងៃបង្កើតក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនពុំធ្លាប់បានផលិត និងលក់ប្រភេទឡេកំប៉ុង ឡេលាយ ឡេបក ឬប្រភេទឡេខុសខ្នាតធម្មជាតិដែលផ្សព្វផ្សាយថា «៣ថ្ងៃស ឬ ៥ថ្ងៃសលឿន» នោះឡើយ។

លោកស្រីអគ្គនាយិកា ម៉ាក់អ៊ីអ៊ី ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន ម៉ាក់អ៊ីអ៊ី គឺជាប្រេនថែរក្សាសម្រស់ដែលឈរជើងលើភាពស្មោះត្រង់ និងគុណភាពខ្ពស់ ដោយរាល់ផលិតផលទាំងអស់សុទ្ធតែនាំចូលផ្ទាល់ពីប្រទេសកូរ៉េ ជាមួយលក្ខណៈពិសេសៗដូចជា រូបមន្តថែរក្សាស្បែកតាមបែបធម្មជាតិពិតៗ៖ ផលិតផលសម្រស់របស់ក្រុមហ៊ុន ម៉ាក់អ៊ីអ៊ី មិនមែនជាប្រភេទគីមីបកស្បែកឱ្យសលឿននោះទេ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចិញ្ចឹមស្បែកពីខាងក្នុង, ជំនួយកោសិកាស្បែកឱ្យរឹងមាំ, បញ្ចូលវីតាមីនសំខាន់ៗ ដើម្បីឱ្យស្បែកភ្លឺរលោង និងរក្សាភាពក្មេងជាងវ័យ។

ផលិតផលមានស្តង់ដាសកល និងមានការធានារ៉ាប់រងពីក្រុមហ៊ុន SAMSUNG៖ ក្រុមហ៊ុនតែងតែបង្ហាញពីភាពច្បាស់លាស់ និងតម្លាភាព ដោយគ្រប់ផលិតផលទាំងអស់ផលិតចេញពីរោងចក្រស្តង់ដាសកលពិតប្រាកដនៅប្រទេសកូរ៉េ, ទទួលបានការទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ និងអាចចរាចរណ៍លក់ដោយស្របច្បាប់នៅប្រទេសកូរ៉េ, មានការធានារ៉ាប់រងគុណភាពយ៉ាងជឿជាក់ពីក្រុមហ៊ុនលំដាប់ពិភពលោក SAMSUNG។

លើសពីនេះ ផលិតផលរក្សាគុណភាពដូចគ្នាបេះបិទរវាងទីផ្សារកូរ៉េ និងកម្ពុជា៖ អ្វីដែលធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្តនោះគឺ ក្រុមហ៊ុនតែងតែរក្សាធាតុផ្សំស្តង់ដាដដែល (ធាតុផ្សំលក់នៅកូរ៉េយ៉ាងណា យកមកលក់នៅកម្ពុជាយ៉ាងនោះ) ដោយមិនមានការផ្លាស់ប្តូររូបមន្ត ឬបន្ថយគុណភាពដើម្បីទាញយកផលចំណេញនោះឡើយ។ ក្រុមហ៊ុន គោរពច្បាប់ត្រឹមត្រូវនៅប្រទេសកម្ពុជា៖ រាល់ផលិតផលរបស់ ម៉ាក់អ៊ីអ៊ី ដែលកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពយ៉ាងម៉ត់ចត់ និងមានការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ។

សូមជម្រាបថា ការបើកសន្និសីទបង្ហាញការពិតយ៉ាងជាក់ស្តែងនេះ ក្រុមហ៊ុន ម៉ាក់អ៊ីអី បានសង្កត់ធ្ងន់ថា គឺធ្វើឡើងដើម្បីការពារផលប្រយោជន៍ កិត្តិយសរបស់ក្រុមហ៊ុន ក៏ដូចជាផ្តល់ភាពកក់ក្តៅជូនដល់អ្នកប្រើប្រាស់ និងសហការីទាំងអស់ កុំឱ្យមានការភាន់ច្រឡំ និងបន្តគាំទ្រផលិតផលដែលមានស្តង់ដា និងសុវត្ថិភាពពិតប្រាកដ៕








