មន្ទីរពេទ្យកុមារជាតិ បើកការដ្ឋានសាងសង់អគារវះកាត់ថ្មីតម្លៃ ៥,២លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ជាផ្លូវការ «អគារសល្យសាស្រ្តកុមារ»នៃមន្ទីរពេទ្យកុមារជាតិ ។ នេះគឺជាសមិទ្ធផលថ្មីធំមួយទៀតសម្រាប់កម្ពុជាយើង ក្នុងវិស័យសុខាភិបាល។ តាមការបញ្ជាក់ អគារថ្មីនេះមានតម្លៃ ៥,២លានដុល្លារអាមេរិក ដែលមានជំនួយពីសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក ឈាង រ៉ា បានគូសរំលេចថា អគារថ្មីនេះជាការពង្រឹងចក្ខុវិស័យរួម ដើម្បីឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានការព្យាបាលវះកាត់ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ព្រោះ «រួមគ្នាដើម្បីសុខភាពកុមារ គឺរួមគ្នាដើម្បីអនាគតកម្ពុជា»។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់ ពង្រឹងគុណភាពសេវា ក្រមសីលធម៌វិជ្ជាជីវៈ បម្រើសេវាដោយមិនរើសអើង និងចេះថែទាំសមិទ្ធផលនេះឱ្យបានល្អ។

សូមបញ្ជាក់ថា អគារសល្យសាស្ត្រកុមារកម្ពស់ ៤ជាន់នេះ បំពាក់ដោយបរិក្ខារទំនើបៗ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៧ ខាងមុខ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា៕