ក្រុមហ៊ុន International SOS និងក្រុមហ៊ុន WorldBridge Group ប្រកាសពីកិច្ចសហការរួមគ្នា (Joint Venture) ដើម្បីកំណត់ឡើងវិញនូវស្តង់ដារនៃសេវាកម្មគាំទ្រផ្នែកថែទាំសុខភាព

ព័ត៌មានថ្មីៗ

ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន International SOS និងក្រុមហ៊ុន WorldBridge Group បានបង្កើតនូវរបត់ដ៏សំខាន់មួយនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា ជាមួយនឹងការ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកិច្ចសហការរួមគ្នា ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីការទូត តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យនេះ ដើម្បីអបអរសាទរ និងជាសក្ខីភាព នៃភាពជាដៃគូ ដែលរួមបញ្ចូលគ្នានូវបទពិសោធន៍ជា​សកលរយៈពេលបួនទសវត្សរ៍​របស់ក្រុមហ៊ុន International SOS ក្នុងសេវាកម្មវេជ្ជសាស្ត្រ និងសន្តិសុខ ជាមួយនឹងភាពជាអ្នកដឹកនាំ​ក្នុងស្រុក​យ៉ាងស៊ីជម្រៅ​របស់ក្រុមហ៊ុន WorldBridge Group ដែលកំពុងប្រតិបត្តិការ​ពហុធុរកិច្ច ក្នុងវិស័យចម្រុះ​​នៅ​កម្ពុជា។

ពិធីនេះត្រូវបានអញ្ជើញជាអធិបតីដោយ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសបារាំង និងកម្ពុជា។ លើសីពីនេះ វត្តមានរបស់ ឯកឧត្តម Olivier បានសបញ្ជាក់ ពីសារៈសំខាន់នៃក្រុមហ៊ុន International SOS ដែលជាក្រុមហ៊ុន​មានប្រភពដើម​ពីប្រទេសបារាំង ហើយកំពុងតែបង្កើន​ការប្តេជ្ញាចិត្តដ៏​មុតមាំ​បន្ថែមទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ​ដ៏សំខាន់ជាប្រវត្តិសាស្រ្ត ជាមួយក្រុមហ៊ុនដ៏ធំនៅក្នុងស្រុក WorldBridge Group។

កម្មវិធីផ្លូវការបានចាប់ផ្តើមជាមួយនឹងការបង្ហាញបទបង្ហាញអំពីបេសកកម្មជាសកល និងសមត្ថភាព​សេវាកម្មរបស់ក្រុមហ៊ុន International SOS ព្រមទាំងមតិស្វាគមន៍បើកកម្មវិធីពីសំណាក់លោក Laurent Sabourin នាយកគ្រប់គ្រងក្រុមប្រឹក្សាភិបាល (Group Managing Director) នៃក្រុមហ៊ុន International SOS ដែលបានលើកឡើងពីហេតុផលយុទ្ធសាស្ត្រសម្រាប់ការបង្កើតការសហការនេះ និងមហិច្ឆតាក្នុងការផ្លាស់ប្តូរការផ្តល់សេវាសុខភាព សន្តិសុខ និងសេវាផ្គត់ផ្គង់វេជ្ជសាស្ត្រ​នៅទូទាំង​តំបន់។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានថ្លែងថា ការសហការនេះ​គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការដ៏សំខាន់​របស់ប្រទេស​កម្ពុជា​សម្រាប់​សន្តិសុខសុខភាព ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា​កំពុងពន្លឿនដំណើររបស់ខ្លួនឆ្ពោះទៅរក​ការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នាពេលឆាប់ៗខាងមុខ។

ទន្ទឹមនឹងនេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានគូសបញ្ជាក់ពីសសរស្តម្ភស្នូលមួយចំនួន ដែលនាំឱ្យកិច្ចសហការនឹងនាំយកមកនូវអត្ថប្រយោជន៍ជាច្រើន​សម្រាប់ប្រទេសកម្ពុជា រួមមាន៖ ការជួយសង្គ្រោះតាមស្តង់ដារអន្តរជាតិ (International Standard Assistance)

ជាបណ្តាញ​ជំនួយវេជ្ជសាស្ត្រសកល ២៤ម៉ោង/៧ថ្ងៃ ដែលផ្តល់ឱ្យអាជីវកម្មក្នុងស្រុកនូវការទទួល​បានដោយផ្ទាល់​នូវដំបូន្មានព្យាបាលឈានមុខគេលើពិភពលោក និងការសម្របសម្រួល​សង្គ្រោះបន្ទាន់ ដែលពីមុនមានផ្តល់ជូនតែនៅក្នុងមជ្ឈមណ្ឌលសកលធំៗប៉ុណ្ណោះ។ ភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Resilience) ដោយដោះស្រាយនូវអ្វីដែលអ្នកឧកញ៉ាបានពិពណ៌នាថាជា “ភស្តុភារកម្មនៃសុខភាព” តាមរយៈបណ្តាញ​លទ្ធកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងគុណភាពខ្ពស់សម្រាប់​ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។

ការច្នៃប្រឌិតសុខភាពឌីជីថល (Digital Health Innovation) ដោយរួមបញ្ចូលការត្រួតពិនិត្យហានិភ័យសុខភាពកម្រិតខ្ពស់ និងឧបករណ៍ឌីជីថល ដើម្បីជួយ​ដល់ស្ថាប័ននានាក្នុងការព្យាករណ៍ និងការពារវិបត្តិសុខភាពមុនពេលវាកើតឡើង ដែលជាការឈាន​ទៅមុខលើសពីការព្យាបាលពេលមានជំងឺ មកជាការការពារ និងគ្រប់គ្រងសុខភាពទុកជាមុនវិញ។

នៅក្នុងសុន្ទរកថារបស់អ្នកឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា « យើងចាត់ទុក​ការសហការនេះ​ជាការគាំទ្រដោយផ្ទាល់ដល់គោលដៅរបស់ក្រសួងសុខាភិបាល។ យើងប្តេជ្ញាចិត្ត​ដើរតួ​ជាស្ពានចម្លងមួយ ដើម្បីផ្សាភ្ជាប់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាមួយនឹងប្រសិទ្ធភាពរបស់​វិស័យឯកជន និងជំនាញកម្រិតសកល » ។

ឯកឧត្តម Olivier Richard ក្នុងនាមជាភ្ញៀវកិត្តិយសបានថ្លែងសុន្ទរកថា គន្លឹះសម្តែងនូវការគាំទ្រ​យ៉ាងខ្លាំងរបស់ប្រទេសបារាំងចំពោះភាពជាដៃគូអន្តរជាតិ ដែលលើកកម្ពស់ស្តង់​ដារ​សេវាថែ​ទាំសុខភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរចំពោះស្ថាប័នទាំងពីរ ដែលមានចក្ខុវិស័យរួមគ្នា​ក្នុងការនាំយកសក្តានុពលនេះ​មកកាន់ប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន International SOS និង WorldBridge Group នឹងផ្តល់នូវកញ្ចប់​សេវាកម្មរួមបញ្ចូលគ្នា​ដល់ក្រុមហ៊ុនពហុជាតិ ស្ថានប័នការទូត ស្ថាប័នអន្តរជាតិ និងអតិថិជន​ឯកជន​លំដាប់ជាន់ខ្ពស់ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ អតិថិជននឹងទទួលបាន​អត្ថប្រយោជន៍ពីបណ្តាញជាសកលនៃអ្នក​ជំនាញ​វេជ្ជសាស្ត្រ អ្នកជំនាញសន្តិសុខ និងប្រព័ន្ធ​បច្ចេកវិទ្យា​សុខភាពឌីជីថលរបស់ក្រុមហ៊ុន International SOS ដែលគាំទ្រ​ដោយហេដ្ឋារចនាសម្ព័ន្ធ​ក្នុងស្រុក ទំនាក់ទំនង និងជំនាញប្រតិបត្តិការ​ដែលបានបង្កើតឡើងយ៉ាងរឹងមាំរបស់ក្រុមហ៊ុន WorldBridge Group។

បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនេះបានបញ្ចប់ ភ្ញៀវកិត្តិយសទាំងអស់ក៏បាន​សំណេះសំណាល​ទាក់ទងផ្ទាល់ជាមួយក្រុមការងារ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។ ការសហការនេះ​តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រទេសកម្ពុជា​ឱ្យកាន់តែ​មានសុវត្ថិភាព និងមាន​ភាពធន់ជាងមុន ព្រមទាំងធានាថា សន្តិសុខសុខភាពលំដាប់ពិភពលោកត្រូវបាន​ផ្តល់ជូនដល់អាជីវកម្ម និងប្រជាជនដែលចាត់ទុកព្រះរាជាណាចក្រកម្ពុជាជាផ្ទះរបស់ពួកគេ។

អំពីក្រុមហ៊ុន International SOS

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥ ក្រុមហ៊ុន International SOS គឺជាអ្នកផ្តល់សេវាវេជ្ជសាស្ត្រ និងសន្តិសុខឈានមុខគេនៅលើពិភពលោក ដោយការពារ និងសង្គ្រោះជីវិតមនុស្សសម្រាប់ស្ថាប័នជាង ៩,០០០ នៅទូទាំងសកលលោក។ ជាមួយនឹងបណ្តាញគ្របដណ្តប់លើសពី ៩០ ប្រទេស ជាក្រុមហ៊ុនផ្តល់នូវការគ្រប់គ្រងហានិភ័យសុខភាព ការថែទាំវេជ្ជសាស្ត្រ ការឆ្លើយតបបន្ទាន់ និងសេវាកម្មប្រឹក្សាយោបល់ផ្នែកសន្តិសុខដល់រដ្ឋាភិបាល ក្រុមហ៊ុនសាជីវកម្ម និងអង្គការមិនមែនរដ្ឋាភិបាលនៅទូទាំងពិភពលោក។

អំពីក្រុមហ៊ុន WorldBridge Group

ក្រុមហ៊ុន WorldBridge Group of Companies គឺជាសម្ព័ន្ធក្រុមហ៊ុនចម្រុះឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការវិនិយោគគ្របដណ្តប់លើវិស័យភស្តុភារកម្ម ការថែទាំសុខភាព បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ការផលិតអាហារ ធានារ៉ាប់រង សេវាកម្មហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច ដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយ អ្នកឧកញ៉ា សៀ ឬទ្ធី ។ ក្រុមហ៊ុនWorldBridge Group បានប្តេជ្ញាចិត្តក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នសកលលោកលំដាប់ពិភពលោក ដោយនាំមកនូវឧត្តមភាព នវានុវត្តន៍ និងតម្លៃប្រកប​ដោយចីរភាពដល់ ដល់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនរបស់ខ្លួន។