អ៊ីនឆ័ន៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅក្នុងតំបន់) អ្នកឧកញ៉ា គួន ធីតា បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា បន្តអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងក្រុមហ៊ុន Emons Furniture Co., Ltd. ដឹកនាំដោយ លោក Kyung-soo Kim ប្រធានក្រុមហ៊ុន ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឧស្សាហកម្មអ៊ីនឆ័ន នៃសាធារណរដ្ឋកូរ៉េ។

នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មសង្ហារិម។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកម្លាំងពលកម្មវ័យក្មេងមានសក្តានុពល, ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, ទីតាំងភូមិសាស្រ្តអំណោយផល ជាមួយយុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ព្រមទាំងទីផ្សារនាំចេញដ៏ទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
ការចុះទស្សនកិច្ចស្វែងយល់ដល់ទីតាំងផ្ទាល់នាពេលនេះ គឺជាជំហានការទូតសេដ្ឋកិច្ចដ៏សំខាន់ក្នុងការបង្ហាញឱ្យវិនិយោគិនកូរ៉េឃើញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើបៗ។
សូមជម្រាបដែរថា ក្រុមហ៊ុន Emons Furniture Co., Ltd. គឺជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងសង្ហារិមដ៏ល្បីល្បាញ និងមានវ័យចំណាស់ឈានមុខគេមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៩ ដោយផ្តោតសំខាន់លើការរចនាគ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់ បែបទំនើប និងមានផាសុកភាពសម្រាប់គេហដ្ឋាន។ Emons គឺជាក្រុមហ៊ុនដំបូងៗគេដែលបានបញ្ចូលបច្ចេកវិទ្យាទៅក្នុងគ្រឿងសង្ហារិម (ICT Furniture) ដូចជា គ្រែឆ្លាតវៃដែលអាចលៃតម្រូវកម្ពស់តាមដំណេកឧបករណ៍វិភាគសុខភាពពេលគេង និងទូខោអាវដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព និងកម្ចាត់បាក់តេរី៕













