ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ នាសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា គួន ធីតា អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួបសំណេះសំណាល និងពិភាក្សាធុរកិច្ចជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌា (Pharmaceutical Export Promotion Council of India – Pharmexcil) ដឹកនាំដោយលោក Raja Bhanu អគ្គនាយកនៃក្រុមប្រឹក្សា Pharmexcil ដោយមានការចូលរួមជាកិត្តិយសពី លោក T. Ramesh, លេខាធិការទី២ នៃស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកសាងទំនាក់ទំនងល្អរវាងស្ថាប័នទាំងពីរ និងស្វែងយល់គ្នាទៅវិញទៅមកឱ្យបានស៊ីជម្រៅ ព្រមទាំងពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើការជំរុញទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យឱសថដើម្បីផ្ដល់នូវអត្ថប្រយោជន៍ និងឱកាសដល់សមាជិកនៃស្ថាប័នទាំងពីរក្នុងការចាប់ដៃគូគ្នា។
ក្នុងឱកាសនេះដែរ គណៈប្រតិភូនីមួយៗនៃស្ថាប័នទាំងពីរបានធ្វើបទបង្ហាញអំពីសមាសភាព និងអាជីវកម្មរបស់ខ្លួនទៅវិញទៅមកដើម្បីផ្ដល់ជាព័ត៌មានមូលដ្ឋានសម្រាប់ការផ្គូផ្គងពាណិជ្ជកម្ម និងកិច្ចសហការធុរកិច្ចនាពេលអនាគត។
សូមជម្រាបផងដែរថា ក្រុមប្រឹក្សាជំរុញការនាំចេញឱសថឥណ្ឌា (Pharmaceutical Export Promotion Council of India – Pharmexcil) ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០០៤ ដោយស្ថិតក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា ដែលដើរតួនាទីជាទីភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌាក្នុងការលើកកម្ពស់ការនាំចេញឱសថឥណ្ឌាតាមរយៈការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសដូចជា សិក្ខាសាលា ជំនួបផ្គូផ្គងធុរកិច្ច និងបេសកកម្មធុរកិច្ចក្រៅប្រទេសជាដើម។



























