កម្ពុជា-រុស្ស៊ី ចាប់ដៃគ្នាពង្រឹងវិស័យកសិកម្ម! ឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញកសិពាណិជ្ជកម្ម និងការស្រាវជ្រាវ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងគោលដៅពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ កម្ពុជា និងរុស្ស៊ី បានសម្រេចចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើវិស័យកសិកម្ម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចុះហត្ថលេខាផ្ទាល់ពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងរួមគ្នាពង្រឹង និងពង្រីកសក្តានុពលកសិកម្មរបស់ប្រទេសទាំងពីរ ដោយផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចស្នូលសំខាន់ៗ រួមមាន៖ការជំរុញកសិពាណិជ្ជកម្មតាមរយៈការពង្រីកកិច្ចសហការលើការនាំចេញនិងនាំចូលផលិតផលកសិកម្ម ព្រមទាំងបើកទូលាយទីផ្សារពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ។ ការលើកកម្ពស់វិស័យអប់រំ និងការស្រាវជ្រាវកសិកម្ម ដោយផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកវិទ្យាទំនើបៗ និងជំរុញការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែរីកចម្រើន។

កិច្ចព្រមព្រៀងនេះ គឺជាជំហានថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការប្រែក្លាយវិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងធានាសន្តិសុខស្បៀងទៅអនាគត៕