ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ដោយបានបញ្ជាក់ទៀតថាវាគឺជាជ័យជម្នះដ៏ធំ សម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី១៨ មិថុនាថា៖” មិនមានការទូទាត់សងលុយ ៣០០ពាន់លានដុល្លារពីអាមេរិក ទៅឲ្យអ៊ីរ៉ង់នោះទេ។ នោះជាព័ត៌មានក្លែងក្លាយ។ អ្វីដែលអាមេរិកទទួលបានគឺភាពជោគជ័យ តម្លៃប្រេងធ្លាក់ចុះ និងជ័យជម្នះ។សូមក្រឡេកមើលទីផ្សារភាគហ៊ុន កំពុងហក់ឡើងយ៉ាងខ្លាំង”។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានហៅអ្នកដែលបានរិះគន់ចំពោះកិច្ចព្រមព្រៀងរវាងអាមេរិកអ៊ីរ៉ង់នេះ ថាជាមនុស្សល្ងង់ខ្លៅផងដែរ។
ប៉ុន្តែទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលបានដឹកនាំគណៈប្រតិភូចរចា បានអះអាងថា អនុស្សរណៈនេះតំណាងឲ្យការបរាជ័យមួយផ្នែករបស់សហរដ្ឋអាមេរិក។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានប្រកាសនៅថ្ងៃដដែលនោះថា លោកបានអនុម័តឯកសារមួយជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជាការឆ្លើយតបលើកដំបូងរបស់លោកចំពោះកិច្ចព្រមព្រៀងនេះ។
មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បាននិយាយទៀតថា ប្រធានាធិបតី លោក ត្រាំ បានប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងមួយ ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នឹងមិនទទួលយកអនុស្សរណៈនេះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើការទាមទារច្រើនហួសហេតុពេកនោះ។
គួរជម្រាបជូនថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនាថា មេដឹកនាំកំពូលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ចប់ជម្លោះ។ អនុស្សរណៈដែលចេញផ្សាយដោយភាគីទាំងពីរ រួមបញ្ចូលទាំងមូលនិធិកសាងឡើងវិញដ៏មានសក្តានុពលចំនួន ៣០០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ីរ៉ង់ ផងដែរ៕

