លោក ត្រាំ និយាយថាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ គឺជាជ័យជម្នះសម្រាប់អាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ដោយបានបញ្ជាក់ទៀតថាវាគឺជាជ័យជម្នះដ៏ធំ សម្រាប់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី១៨ មិថុនាថា៖” មិនមានការទូទាត់សងលុយ ៣០០ពាន់លានដុល្លារពីអាមេរិក ទៅឲ្យអ៊ីរ៉ង់នោះទេ។ នោះជាព័ត៌មានក្លែងក្លាយ។ អ្វីដែលអាមេរិកទទួលបានគឺភាពជោគជ័យ តម្លៃប្រេងធ្លាក់ចុះ និងជ័យជម្នះ។សូមក្រឡេកមើលទីផ្សារភាគហ៊ុន កំពុងហក់ឡើងយ៉ាងខ្លាំង”។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ​ ក៏បានហៅអ្នកដែលបានរិះគន់ចំពោះកិច្ចព្រមព្រៀងរវាងអាមេរិកអ៊ីរ៉ង់នេះ ថាជាមនុស្សល្ងង់ខ្លៅផងដែរ។

ប៉ុន្តែទន្ទឹមនឹងនេះ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលបានដឹកនាំគណៈប្រតិភូចរចា បានអះអាងថា អនុស្សរណៈនេះតំណាងឲ្យការបរាជ័យមួយផ្នែករបស់សហរដ្ឋអាមេរិក។ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានប្រកាសនៅថ្ងៃដដែលនោះថា លោកបានអនុម័តឯកសារមួយជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជាការឆ្លើយតបលើកដំបូងរបស់លោកចំពោះកិច្ចព្រមព្រៀងនេះ។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បាននិយាយទៀតថា ប្រធានាធិបតី លោក ត្រាំ បានប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងមួយ ដោយសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នឹងមិនទទួលយកអនុស្សរណៈនេះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើការទាមទារច្រើនហួសហេតុពេកនោះ។

គួរជម្រាបជូនថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃទី១៧ ខែមិថុនាថា មេដឹកនាំកំពូលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ចប់ជម្លោះ។ អនុស្សរណៈ​ដែល​ចេញ​ផ្សាយ​ដោយ​ភាគី​ទាំង​ពីរ រួម​បញ្ចូល​ទាំង​មូលនិធិ​កសាង​ឡើង​វិញដ៏មាន​សក្តានុពល​ចំនួន ៣០០ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ីរ៉ង់ ផងដែរ៕​