លោក ត្រាំ ថា Apple នឹងធ្វើការជាមួយ Intel ដើម្បីផលិតបន្ទះឈីបនៅលើទឹកដីសហរដ្ឋអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារមួយលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី១៨ មិថុនាថា ក្រុមហ៊ុន Apple បានយល់ព្រមធ្វើការជាមួយក្រុមហ៊ុន Intel ដើម្បីរចនា និងផលិតបន្ទះឈីបរបស់ពួកគេ នៅលើទឹកដីសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ្តាលសម្រេច និងនាំយកខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាកំពូលៗ ត្រឡប់មកកាន់ទឹកដីអាមេរិកវិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន Apple និង Intel មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញអ្វីដែលលោក ត្រាំ បានលើកឡើងនៅឡើយនោះទេ។

យោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីខែឧសភាថា Intel បានឈានដល់កិច្ចព្រមព្រៀងបឋមមួយដើម្បីផលិតបន្ទះឈីបមួយចំនួនសម្រាប់ Apple បន្ទាប់ពីការពិភាក្សាដែលបានបន្តអស់រយៈពេលជាងមួយឆ្នាំ។

គួរជម្រាបជូនថា កិច្ចព្រមព្រៀងជាមួយ Intel បានជួយ Apple ធ្វើចម្រុះកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សមួយនេះ កំពុងស្វែងរកសមត្ថភាពផលិតបន្ទះឈីបបន្ថែមទៀត។ Apple ពឹងផ្អែកយ៉ាងខ្លាំងទៅលើក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC សម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន។ ប៉ុន្តែដោយសារតែមានការរីកចម្រើននៃ AI បានធ្វើឲ្យ Apple ត្រូវស្វែងរកដៃគូថ្មីៗ ដើម្បីបង្កើនសុវត្ថិភាព និងធានាការផ្គត់ផ្គង់របស់ខ្លួន៕​