ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសារមួយលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី១៨ មិថុនាថា ក្រុមហ៊ុន Apple បានយល់ព្រមធ្វើការជាមួយក្រុមហ៊ុន Intel ដើម្បីរចនា និងផលិតបន្ទះឈីបរបស់ពួកគេ នៅលើទឹកដីសហរដ្ឋអាមេរិក។

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងចំណោមយុទ្ធនាការដ៏ខ្លាំងក្លារបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញឱ្យមានការផលិតឧបករណ៍ពាក់កណ្តាលសម្រេច និងនាំយកខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាកំពូលៗ ត្រឡប់មកកាន់ទឹកដីអាមេរិកវិញ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុន Apple និង Intel មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ជុំវិញអ្វីដែលលោក ត្រាំ បានលើកឡើងនៅឡើយនោះទេ។
យោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីខែឧសភាថា Intel បានឈានដល់កិច្ចព្រមព្រៀងបឋមមួយដើម្បីផលិតបន្ទះឈីបមួយចំនួនសម្រាប់ Apple បន្ទាប់ពីការពិភាក្សាដែលបានបន្តអស់រយៈពេលជាងមួយឆ្នាំ។
គួរជម្រាបជូនថា កិច្ចព្រមព្រៀងជាមួយ Intel បានជួយ Apple ធ្វើចម្រុះកម្មមូលដ្ឋានផលិតកម្មរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនខ្នាតយក្សមួយនេះ កំពុងស្វែងរកសមត្ថភាពផលិតបន្ទះឈីបបន្ថែមទៀត។ Apple ពឹងផ្អែកយ៉ាងខ្លាំងទៅលើក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC សម្រាប់ការផលិតបន្ទះឈីបកម្រិតខ្ពស់របស់ខ្លួន។ ប៉ុន្តែដោយសារតែមានការរីកចម្រើននៃ AI បានធ្វើឲ្យ Apple ត្រូវស្វែងរកដៃគូថ្មីៗ ដើម្បីបង្កើនសុវត្ថិភាព និងធានាការផ្គត់ផ្គង់របស់ខ្លួន៕

