សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ជំហររបស់កម្ពុជាច្បាស់ៗចំពោះមុខនាយករដ្ឋមន្រ្ដីថៃ លោក Anutin Charnvirakul នៅក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងព្រំដែនគោក និងព្រំដែនសមុទ្រត្រួតគ្នា។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្ដេចបានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។
នៅក្នុងជំនួបនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចជា៖
១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។
៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញឱ្យភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញឱ្យចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។
៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ៕

