អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានសម្ពោធជាផ្លូវការនូវ «រឿងអប់រំខ្លី» របស់ទូរទស្សន៍មហាផ្ទៃ ដើម្បីបញ្រ្ជាបចំណេះដឹងដល់សាធារណជន ពីការឆបោកតាមអនឡាញ ដែលកំពុងកើតនៅកម្ពុជា និងបណ្តាប្រទេសនានា។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានថ្លែងថា ការរីកចម្រើនយ៉ាងលឿន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានធ្វើឱ្យពិភពលោក រួមទាំងកម្ពុជា ទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលធ្វើជាមធ្យោបាយ ដើម្បីពង្រឹង និងពង្រីក ប្រសិទ្ធភាពការងារ និងអាជីវកម្ម។
លោកអគ្គនាយក បន្ដថា ទោះបីជាបច្ចេកវិទ្យាឌីជីថល បានផ្តល់នូវអត្ថប្រយោជន៍មហាសាលដល់មនុស្សជាតិ ប៉ុន្តែវាក៏ទាមទារឲ្យមនុស្សប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចេកវិទ្យានេះ ត្រូវបានប្រើប្រាស់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់។ ហើយតាមរយៈរឿងខ្លីដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ នឹងផ្តល់ជាសារអប់រំបន្ថែមដល់ប្រជាពលរដ្ឋជៀសផុតពីការឆបោកនេះ។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល គឺជាមុំយុទ្ធសាស្ត្រដ៏សំខាន់ និងជាកាលានុវត្តភាពថ្មីមួយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោករដ្ឋលេខាធិការ បន្ដថា ឆ្លើយតបនឹងទិសដៅនយោបាយដ៏វែងឆ្ងាយនេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងរុញច្រានការធ្វើទំនើបកម្មស្ថាប័ន ដោយចាត់ទុកបច្ចេកវិទ្យា ជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
លោករដ្ឋលេខាធិការ បន្ថែមថា ទោះជាយ៉ាងណា ទន្ទឹមនឹងផលវិជ្ជមានដ៏មហាសាល នៃការផ្លាស់ប្តូរទៅជាឌីជីថល យើងក៏ត្រូវប្រឈមមុខនឹងបញ្ហាអសន្តិសុខទម្រង់ថ្មី គឺបទល្មើសបច្ចេកវិទ្យាឆ្លងដែន (Cybercrimes)។ ឧក្រិដ្ឋជន បាននឹងកំពុងប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ និងបំផ្លាញទ្រព្យសម្បត្តិ។ សកម្មភាពខុសច្បាប់ទាំងនេះ មិនត្រឹមតែបង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញដល់ទំនុកចិត្តឌីជីថល ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមឌីជីថល ព្រមទាំងបង្កផលប៉ះពាល់ដល់ស្ថិរភាពផ្លូវចិត្ត និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគោលដៅអាទិភាព នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៕









