កម្ពុជា បានជំរុញការផ្សព្វផ្សាយសក្តានុពលពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួន ព្រមទាំងទាក់ទាញវិនិយោគិន និងធុរជនបារាំង ឱ្យមកពិនិត្យលទ្ធភាពចាប់យកកាលានុវត្តភាពធុរកិច្ចនៅលើទីផ្សារកម្ពុជា ក្នុង «វេទិកាសេដ្ឋកិច្ចអន្តរជាតិស្តីពីតំបន់អាស៊ីអាគ្នេយ៍ លើកទី៤ (The 4th International Economic Forum on Southeast Asia)» ដែលរៀបចំឡើងដោយព្រឹទ្ធសភាបារាំង ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងនោះ លោក ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានអញ្ជើញថ្លែងសុន្ទរកថារំលេចនូវសមិទ្ធិផលរបស់កម្ពុជា រួមមាន៖ចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០៥០ របស់កម្ពុជាការធ្វើឱ្យកាន់តែប្រសើរឡើងនៃបរិយាកាសធុរកិច្ច និងវិនិយោគ, ការទទួលបានច្រកទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា យន្តការសម្រួលពាណិជ្ជកម្ម និងការលើកទឹកចិត្តវិនិយោគប្រកបដោយភាពទាក់ទាញ។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ពីវិស័យយុទ្ធសាស្ត្រសក្តានុពលជាច្រើន ដែលជាឱកាសសម្រាប់វិនិយោគិនបារាំង រួមមាន៖ ឧស្សាហកម្មកម្មន្តសាលបង្កើនតម្លៃបន្ថែមសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ការនាំចេញ, សម្ភារៈសំណង់, ថាមពលកកើតឡើងវិញ និងបៃតង, ការកែច្នៃកសិផល, ភ័ស្តុភារកម្ម, បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងវិស័យសុខាភិបាល។

ជាមួយគ្នានេះ លោកក៏បានជម្រាបជូនអង្គវេទិកាអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ (20th Francophonie Summit) និងព្រឹត្តិការណ៍អមនានា រួមទាំងការសហការរៀបចំ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ព្រមទាំងបានស្នើដល់ស្ថាប័នដៃគូពាក់ព័ន្ធរបស់បារាំង ជួយបន្តផ្សព្វផ្សាយ និងជំរុញវត្តមានចូលរួមពីបណ្តាសហគមន៍ធុរជន និងវិនិយោគិនបារាំង ព្រមទាំងបណ្តាប្រទេសនិយាយភាសាបារាំង ឱ្យបានផុសផុលបំផុត៕


