គម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ឆ្លងកាត់ភ្នំពេញ ៣គីឡូប៉ុណ្ណោះតភ្ជាប់ទៅព្រំដែនថៃ

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្នគម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ- សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា តាមគម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០គ.ម ចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម ខេត្តកំពង់ធំ១៣១គ.ម ខេត្តសៀមរាប ១៣០គ.ម ខេត្តបន្ទាយមានជ័យ ៩៥គ.ម។

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

គម្រោងនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា គ្រោងចំណាយថវិកាសាងសង់ ១.៣៥ប៊ីលានដុល្លារអាមេរិក។ ផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបាននិងកំពុងបើកឱ្យដំណើរការ មានប្រវែង ១៦៨ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ គ្រោងចំណាយទឹកប្រាក់ ១៦០០លានដុល្លារ ដោយអាចនឹងបញ្ចប់ការសាងសង់នាចុងឆ្នាំ២០២៦៕ អត្ថបទ៖ អក្ខរា