ជប៉ុន ផ្តល់ឥណទានសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីរាជធានីភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលជប៉ុន បានសម្រេចចុះហត្ថលេខាលើឥណទានសម្បទានទឹកប្រាក់ចំនួនជិត ១៦៣លានដុល្លារអាម៉េរិក សម្រាប់គម្រោងស្តារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភាគនិរតីរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ១៦២.៧លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។

គម្រោងនេះមានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការ ខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដែលមាន ស្រាប់ នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ។

សូមជម្រាបដែរថា កម្ពុជា -ជប៉ុន បានចាត់ទុកថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕ អត្ថបទ៖ហ្សាលីន