ប្រធានាធិបតីទីម័រ នឹងចុះកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវ ជាមួយកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក​ José Ramos-Horta​ ប្រធានាធិបតីទីម័រ​ខាង​កើត ​នឹង​អញ្ជើញ​​ចុះ​ហត្ថលេខាកិច្ចព្រមព្រៀង​សេវា​កម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវ រវាងប្រទេសទាំងពីរ (កម្ពុជា-ទីម័រខាងកើត) ក្នុង​ដំណើរ​​បំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក​​ រយៈពេលបីថ្ងៃនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីទីម័រ​ខាង​កើត​រូប​នេះ​ បាន​​ដឹក​នាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ ​មក​ដល់​រាជធានីភ្នំពេញ​ហើយ នៅ​ម៉ោង​ប្រមាណ ​​៩:៥០​នាទី​ព្រឹក ​នា​ថ្ងៃ​ពុធ​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែ​តុលា ឆ្នាំ២០២២។ ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​​របស់​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។

ដំណើរទស្សនកិច្ចនេះ ភាគី​កម្ពុជា-ទីម័រខាងកើត​ នឹងចុះហត្ថលេខា លើឯកសារទ្វេភាគីដ៏មានសារសំខាន់​ចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពី​ពាណិជ្ជកម្ម​ស្រូវរវាងប្រទេសទាំងពីរ ដើម្បីបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

តាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​​បាន​ឱ្យ​ដឹង​ថា កន្លង​ទៅ ភាគីទាំងពីរ បានពិភាក្សាគ្នាពីបញ្ហាទ្វេភាគីទាំងក្នុងតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដោយ​បាន​ឯកភាពគ្នាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ និងអភិវឌ្ឍធនធានមនុស្ស។

យ៉ាងណាមិញ ភាគីទាំងពីរ​ ក៏បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ​ស នៅ​មាន​កម្រិតទាបនៅឡើយ និងបានឯកភាពគ្នាជំរុញឱ្យពិនិត្យលទ្ធភាព នៃការបង្កើនសកម្មភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី តាមរយៈការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​ ដែលមានស្រាប់ ខណៈទំហំពាណិជ្ជកម្មកម្ពុជា និងប្រទេសទីម័រខាងកើត មានប្រមាណ ៣០ ម៉ឺនដុល្លារក្នុង ១ឆ្នាំៗ។

សូមជម្រាបជូន​ថា ក្នុង​ដំណើរទស្សនកិច្ចនេះ ​​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងរៀបចំកម្មវិធីប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (Honorary Doctorate Degree in Educational Administration and Leadership – EAL) ជូនឯកឧត្តមបណ្ឌិត José Ramos-Horta ​​ផង​ដែរ ​ដែល​កម្មវិធី​នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅសាល​សន្និសីទនៃសាកល​វិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ)៕