ឧកញ៉ា តាន់ មុនីវណ្ណ តំណាង អ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦  នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាង “យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០” ក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងសមាជិក ពាក់ព័ន្ធនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ មានចក្ខុវិស័យពង្រឹង និងពង្រីកការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (ស.ម.ត.ម.) កម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ការចាកចេញពីចំណាត់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។

យុទ្ធសាស្ត្រជាតិនេះមានគោលបំណងលើកកម្ពស់សមត្ថភាព និងភាពធន់របស់ ស.ម.ត.ម.ឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃ សេដ្ឋកិច្ចជាតិ ដែលនឹងនាំមកនូវវិបុលភាព និងវឌ្ឍនភាពសង្គម។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ យុទ្ធសាស្ត្រជាតិនេះ មានគោលដៅសំខាន់ៗ ចំនួន ៣ រួមមាន៖

១. កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ស.ម.ត.ម. ក្នុងការអភិវឌ្ឍនខ្លួនប្រកបដោយភាពធន់ និងចីរភាព

២. ពង្រឹងសមត្ថភាពផលិតកម្មបំពេញតម្រូវការក្នុងស្រុក និងលទ្ធភាពក្នុងការនាំចេញរបស់ ស.ម.ត.ម. និង

៣. ពង្រឹងការផ្សារភ្ជាប់រវាង ស.ម.ត.ម. ទៅនឹងច្រវ៉ាក់តម្លៃក្នុងស្រុក​ តំបន់ និងសកលលោក។ 

យុទ្ធសាស្ត្រជាតិនេះ មានវិសាលភាពលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្របតាមនិយមន័យខាងលើ ដែលប្រកបរបរលើគ្រប់វិស័យរួមទាំងកសិកម្ម ឧស្សាហកម្ម និងសេវាកម្មនិងពាណិជ្ជកម្ម និងបានចុះបញ្ជីអាជីវកម្មផ្លូវការតាមច្បាប់ជាធរមាន ។ ដោយឡែក សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មក្រៅប្រព័ន្ធដែលមិនទាន់បានចុះបញ្ជីស្របច្បាប់ នឹងត្រូវបានគាំទ្រក្រោមក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣–២០២៨។ 

ជាមួយគ្នានេះ ធុរកិច្ចថ្មី (Startup) នឹងទទួលបានការគាំទ្រជាក់លាក់ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ច ឆ្នាំ២០២៦- ២០៣០ ដែលទើបបានបញ្ចប់ការរៀបចំថ្មីៗនេះ៕