សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក និងក្រុមហ៊ុន អូស៊ីអាយស៊ី ចុះហត្ថលេខាលើលិខិតសម្តែងបំណង ក្នុងការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ

ជុំវិញ​ឧកញ៉ា

ភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ – សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) និងក្រុមហ៊ុនអូវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC) បានចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ដែលកំណត់អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា និងជាគម្រោងវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយរបស់ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងលោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយ (Chief Policy Officer) នៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC)។

ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ការផ្តល់ហិរញ្ញប្បទានដែលមាន​ការស្នើឡើងដោយ DFC ឆ្លុះបញ្ចាំងពីទំនុកចិត្តលើអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងលើតួនាទីរបស់អាកាស​យានដ្ឋាន​ក្នុងនាមជាច្រកទ្វារសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការតភ្ជាប់ក្នុងតំបន់។ ការផ្តល់ហិរញ្ញប្បទាននេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់អាកាសយានដ្ឋានអន្តរជាតិតេជោក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ និងតម្លៃរយៈពេលវែងដែលគម្រោងនឹងផ្តល់ជូនដល់ការអភិវឌ្ឍរបស់ប្រទេសផងដែរ»។

«អ្នកគឺជាដៃគូដែលយើងកំពុងស្វែងរកនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងសង្ឃឹមថានេះជា​គម្រោង​ដំបូងគេក្នុងចំណោមគម្រោងជាច្រើនដែលយើងធ្វើជាមួយគ្នា»។ លោកស្រី Caroline Vik ប្រធានផ្នែក​គោល​នយោបាយនៃ DFC បានមានប្រសាសន៍។

លើសពីការផ្តល់ហិរញ្ញប្បទានដែលមានការស្នើឡើង កិច្ចព្រមព្រៀងលិខិតសម្តែងបំណងនេះបានបញ្ជាក់អំពី​ការស្របគ្នានៃគម្រោងជាមួយស្តង់ដារនៃអភិបាលកិច្ច តម្លាភាព បរិស្ថាន និងសង្គម ដែលត្រូវបានរំពឹងទុកដោយ​ស្ថាប័ន​ហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិឈានមុខ។ កិច្ចព្រមព្រៀងនេះក៏ត្រូវបានរំពឹងថានឹងជួយពង្រឹងទំនុកចិត្ត​របស់​វិនិយោគិនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងបន្ថែមភាពទាក់ទាញរបស់ប្រទេស ក្នុងនាមជាគោលដៅ​សម្រាប់ការវិនិយោគរយៈពេលវែង។

អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏មានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ការរចនា និងចក្ខុវិស័យប្រតិបត្តិការ​របស់ខ្លួនផងដែរ។ ថ្មីៗនេះ អាកាសយានដ្ឋាននេះត្រូវបានទទួលស្គាល់ដោយ «Skytrax» ដែលជាស្ថាប័នវាយតម្លៃ​អាកាសយានដ្ឋានឈានមុខមួយក្នុងវិស័យអាកាសចរណ៍ និងត្រូវបានដាក់ឈ្មោះជាអាកាសយានដ្ឋាន​ដែលមាន​សម្រស់​ស្អាតបំផុតមួយនៅលើពិភពលោក ដោយ «Prix Versailles»។

ការទទួលស្គាល់ទាំងនេះបានបង្ហាញពីការកើនឡើងនៃភាពលេចធ្លោរបស់អាកាសយានដ្ឋាននេះ ក្នុងនាមជាមជ្ឈ​មណ្ឌលអាកាសចរណ៍សំខាន់ក្នុងតំបន់ និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលត្រូវបានរចនា​ឡើង​ដើម្បីគាំទ្រការតភ្ជាប់ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជារយៈពេលវែងជាច្រើនទសវត្សរ៍ទៅមុខ។

ការផ្តល់ហិរញ្ញប្បទានពី DFC ក៏បានបន្ថែមលើការចូលរួមកាន់តែរីកចម្រើនរបស់ក្រុមហ៊ុន OCIC ជាមួយស្ថាប័ន និងក្រុមហ៊ុនអាមេរិក រួមមាន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងក្រុមហ៊ុនឈានមុខរបស់សហរដ្ឋអាមេរិកដូចជា General Electric, OTIS, Caterpillar, CISCO និង Ford ក្នុងវិស័យដឹកជញ្ជូន វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះក៏ឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ជាពិសេសក្នុងវិស័យដូចជា អាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ពាណិជ្ជកម្ម និងការវិនិយោគ។ នៅពេលដែលកម្ពុជាកំពុងពង្រីកការតភ្ជាប់របស់ខ្លួនទៅកាន់ទីផ្សារតំបន់ និងសកលលោក ភាពជាដៃគូដូចនេះនឹង​ដើរ​តួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទាក់ទាញការវិនិយោគអន្តរជាតិ និងពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។