ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញថា លោកអាចនឹងបដិសេធមិនជួយប្រទេសដែលជាសមាជិករបស់អង្គការ NATO ទៀតនោះឡើយ ដើម្បីជាការសងសឹកចំពោះការមិនអើពើរបស់ពួកគេទៅលើយុទ្ធនាការរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់នាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន ដោយសំដៅចំៗ ទៅលើ NATO ថា ៖”យើងបានចំណាយប្រាក់ទាំងអស់នោះទៅលើពួកគេ។ ហើយបន្ទាប់មក នៅពេលដែលយើងចង់បានជំនួយជាមួយនឹងរឿងតូចតាចមួយចំនួន ពួកគេបានបដិសេធ ហើយនិយាយថាពួកគេមិនចង់ជួយទេ”។
មេដឹកនាំសេតវិមានរូបនេះ បានបន្ថែមទៀតថា ៖” នេះគឺជាការឆ្លើយតបដ៏ល្ងង់ខ្លៅមួយ ពីព្រោះថាយើងក៏នឹងបដិសេធមិនលូកដៃជួយដល់ពួកគេវិញបែបនេះដែរ នៅពេលណាមួយដែលពួកគេស្នើឲ្យយើងជួយនោះ”។
យ៉ាងណាមិញ បើទោះបីជាមានទំនាក់ទំនងតានតឹងជាមួយប្រទេសដែលជាសម្ព័ន្ធមិត្តនេះក៏ដោយ លោកប្រធានាធិបតី ត្រាំ នៅតែត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅទីក្រុង Ankara ប្រទេសទួរគី នៅខែក្រោយ។
គួរជម្រាបជូនថា ពីមុន លោក ត្រាំ បានរិះគន់ធ្ងន់ៗទៅលើ NATO ម្តងហើយម្តងទៀតចំពោះការមិនចូលរួមជួយរបស់ពួកគេ នៅពេលដែលសហរដ្ឋអាមេរិកត្រូវការ។ លោកបានហៅ NATO ថាជា “ខ្លាក្រដាស” បន្ទាប់ពីសម្ព័ន្ធមិត្តទាំងនេះ មិនបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រ Hormuz ហើយរដ្ឋជាសមាជិកមួយចំនួនមិនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋាននៅលើទឹកដីរបស់ពួកគេសម្រាប់យុទ្ធនាការនៅមជ្ឈិមបូព៌ាឡើយ៕

