ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាកូនកំព្រាម្តាយតាំងពីក្មេង និងជាអតីតនិស្សិតក្មេងវត្ត បានខិតខំតស៊ូរៀនសូត្រ និងប្រឡូកក្នុងវិស័យអចលនទ្រព្យ រហូតក្លាយជាម្ចាស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក តម្លៃ ១០០លានដុល្លារអាមេរិក ទទួលបានលិខិតអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ដើម្បីលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា។

លោកឧកញ៉ាបណ្ឌិត បានបង្ហើបឱ្យដឹងនៅលើបណ្តាញសង្គម នាថ្ងៃទី២៤ ខែមិថុនានេះថា លោកជាកូនកំព្រាម្តាយតាំងពីក្មេង ត្រូវរកលុយចិញ្ចឹមខ្លួនឯង តាំងពីអាយុ ១៧ឆ្នាំ ជាអតីតនិស្សិតក្មេងវត្តមហាមន្រ្តី រយះពេល៦ឆ្នាំ ធ្លាប់រៀនព្រះគម្ពីរ ២ឆ្នាំ ធ្លាប់ធ្វើជាអ្នករត់តុតាមហាងខារ៉ាអូខេ ក្លឹបរាត្រី ពីម៉ោង ៦យប់ ដល់ម៉ោង ២ភ្លឺ ហើយលោកបានប្រឡូកក្នុងឧស្សាហកម្មអចលនទ្រព្យ តាំងពីឆ្នាំ ២០០១។
«ក្នុងនាមជាអ្នកគួកជេដីធ្លីវ័យក្មេង និងក្រីក្រម្នាក់ ដែលហ៊ានយកជីវិតជាដើមទុន ហើយឥលូវនេះ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក តម្លៃ ១០០លានដុល្លារអាមេរិក របស់ខ្ញុំបាទ គីម ហ៊ាង បានទទួលលិខិតអនុញ្ញាតិពី និយ័តករមូលបត្រកម្ពុជា (Securities Exchange Regulator of Cambodia = SERC) ដើម្បីលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា»។ លោកឧកញ៉ាបណ្ឌិត បានបន្ថែម។
សូមជម្រាបថា បុរី វិមានសំណាង នឹងដាក់លក់ភាគហ៊ុនចំនួន ៣៣.៥០០.០០០ (សាមសិបបីលានប្រាំរយពាន់ភាគហ៊ុន) ក្នុងតម្លៃមួយភាគហ៊ុន ១.២០០រៀល ឬសរុបដល់ ១០លានដុល្លារ ឬសរុបតែ ១០% នៃតម្លៃសរុបរបស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។
ព័ត៌មានបន្ថែម សូមទាក់ទង៖
ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបុរី វិមានសំណាង ម.ក
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរស័ព្ទលេខ 012 96 2000 (WhatsApp, Telegram & WeChat)
Email: [email protected] Website: www.bvs.com.kh ៕




