ឥណ្ឌូណេស៊ី ដាក់ចេញកញ្ចប់ជំនួយសេដ្ឋកិច្ចពិសេស រួមទាំងការចែកអង្ករ ១០ គីឡូសម្រាប់ពលរដ្ឋម្នាក់

អន្តរជាតិ

ឥណ្ឌូណេស៊ីនឹងដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចចំនួន ២៦,៣៤ពាន់ពាន់លានរូពី (១,៥ពាន់លានដុល្លារ) នៅឆមាសទីពីរនៃឆ្នាំ២០២៦ នេះ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច រួមទាំងការចែកអង្ករ ១០ គីឡូក្រាមសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់ជំនួយនេះផ្តោតជាចម្បងលើជំនួយជាស្បៀងអាហារ ដោយក្នុងនោះមាន ៦៨% ត្រូវបានបែងចែកទៅលើការផ្តល់ស្បៀងអាហារសម្រាប់ពលរដ្ឋ។ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានបង្ហាញថា កញ្ចប់ជំនួយទាំងមូលរួមមានការបញ្ចុះតម្លៃលើការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវដែក និងសមុទ្រ ក៏ដូចជាកម្មវិធីកម្មសិក្សាដែលទទួលបានប្រាក់ឈ្នួលបន្ថែម ផងដែរ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បានប្រាប់អ្នកយកព័ត៌មានថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ ឥណ្ឌូណេស៊ីនឹងចែកចាយកញ្ចប់អង្ករ ១០ គីឡូក្រាមដល់ពលរដ្ឋ ៣៣ លាននាក់ដោយចាប់ផ្តើមនៅខែក្រោយ ដោយក្នុងនោះមានថវិកាចំនួន ១៧,៥៤ពាន់ពាន់លានរូពីត្រូវបានបម្រុងទុកសម្រាប់កម្មវិធីនេះ។

គួរជម្រាបជូនផងដែរថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចំណាយទឹកប្រាក់ចំនួន ១៥ពាន់ពាន់លានរូពីរួចមកហើយ លើជំនួយស្បៀងអាហារ និងវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗទៀត៕​