កម្ពុជា-ជប៉ុន ជំរុញផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន ជំរុញផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងជាមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមកិច្ចប្រជុំលើកទី១ នៃក្រុមការងារអភិវឌ្ឍន៍ក្នុងតំបន់ កាលទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោកជំស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាសមាជិកអន្តរក្រសួង-ស្ថាប័ន នៃក្រុមការងារអភិវឌ្ឍន៍ក្នុងតំបន់ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ ដល់ភាគីជប៉ុន និងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំ និងសម្របសម្រួលឱ្យការសិក្សាបឋមនេះអាចសម្រេចបានដោយរលូន មានភាពគ្រប់ជ្រុងជ្រោយ និងបានស្នើឱ្យបន្តកិច្ចសហការគ្នាបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិតចូលរួមចំណែកអភិវឌ្ឍសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ឱ្យកាន់តែប្រសើរ និងមានភាពប្រទាក់ក្រឡា។

សូមជម្រាប់ដែរថា កិច្ចប្រជុំខាងលើនេះដែរ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលសិក្សាបឋម (Preliminary findings) ដោយផ្តោតលើការអភិវឌ្ឍក្នុងតំបន់ និងតំបន់សេដ្ឋកិច្ចពិសេស (Regional Development / SEZ) មជ្ឈមណ្ឌលឡូជីស្ទីកបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងខ្សែច្រវ៉ាក់ត្រជាក់ (Cold chain)។

កិច្ចប្រជុំនេះ ក៏ជាការជំរុញដល់ការសម្របសម្រួលពាណិជ្ជកម្ម និងឌីជីថលូបនីយកម្ម និងគោលនយោបាយឧស្សាហកម្ម និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញកិច្ចសហការឱ្យការសិក្សាផែនការមេប្រែក្លាយកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ឱ្យក្លាយជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសម្រេចបានតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ផងដែរ៕ អត្ថបទ៖ហ្សាលីន