ក្រុមហ៊ុនយក្សចិន Alibaba ប្តឹងអាមេរិក ក្រោយចោទប្រកាន់ថាខ្លួនមានទំនាក់ទំនងជាមួយយោធាចិន

អន្តរជាតិ

Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសទៅលើក្រសួងការពារជាតិអាមេរិក ដែលបានដាក់បញ្ចូលក្រុមហ៊ុនរបស់ខ្លួន ទៅក្នុងបញ្ជីខ្មៅ ក្រោយមានការចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយយោធាចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅតុលាការសហព័ន្ធ San Jose រដ្ឋ California បន្ទាប់ពីមន្ទីរបញ្ចកោណ បានពង្រីកបញ្ជីខ្មៅរបស់ខ្លួន ដែលហៅថា “ក្រុមហ៊ុនយោធាចិន” រហូតដល់ ១៨៨ ស្ថាប័ន ដោយក្នុងនោះមានរួមទាំងក្រុមហ៊ុនខ្នាតយក្សដូចជា Alibaba , Baidu និងក្រុមហ៊ុនផលិតរថយន្ត BYD ផងដែរ ក្រោមការព្រួយបារម្ភថាយោធាចិនអាចទាញយកប្រយោជន៍ និងបច្ចេកវិទ្យាពីវិស័យឯកជនទាំងនោះ។

ក្រុមហ៊ុន Alibaba ត្រូវបានចោទប្រកាន់ថាជា “អ្នករួមចំណែករួមបញ្ចូលគ្នារវាងយោធា និងស៊ីវិលដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ចិន” តាមរយៈទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។ ហើយមិនតែប៉ុណ្ណោះ មន្ទីរបញ្ចកោណក៏បាននិយាយទៀតថា Alibaba មានទំនាក់ទំនងដោយប្រយោលជាមួយនិយតករទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសចិន ដែលគេស្គាល់ថា SASAC ផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Alibaba បាននិយាយថា ការចោទប្រកាន់ទាំងនេះ មិនមានមូលដ្ឋាននៅក្នុងការពិត ឬផ្លូវច្បាប់នោះទេ។ ក្រុមហ៊ុននេះ បានបន្តទៀតថា Alibaba ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលឯករាជ្យមួយ ដែលគ្មាននរណាម្នាក់មានទំនាក់ទំនងយោធាឡើយ។ រាល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងសម្រាប់​ការលក់រាយ ភស្តុភារ និងបច្ចេកវិទ្យាព័ត៌មានសហគ្រាស មិនមែនសម្រាប់ការផលិតអាវុធ ការពារជាតិ ឬចារកម្មនោះទេ៕​