Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសទៅលើក្រសួងការពារជាតិអាមេរិក ដែលបានដាក់បញ្ចូលក្រុមហ៊ុនរបស់ខ្លួន ទៅក្នុងបញ្ជីខ្មៅ ក្រោយមានការចោទប្រកាន់ថាជាប់ពាក់ព័ន្ធជាមួយយោធាចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញពាក្យបណ្តឹងនេះ ត្រូវបានដាក់នៅតុលាការសហព័ន្ធ San Jose រដ្ឋ California បន្ទាប់ពីមន្ទីរបញ្ចកោណ បានពង្រីកបញ្ជីខ្មៅរបស់ខ្លួន ដែលហៅថា “ក្រុមហ៊ុនយោធាចិន” រហូតដល់ ១៨៨ ស្ថាប័ន ដោយក្នុងនោះមានរួមទាំងក្រុមហ៊ុនខ្នាតយក្សដូចជា Alibaba , Baidu និងក្រុមហ៊ុនផលិតរថយន្ត BYD ផងដែរ ក្រោមការព្រួយបារម្ភថាយោធាចិនអាចទាញយកប្រយោជន៍ និងបច្ចេកវិទ្យាពីវិស័យឯកជនទាំងនោះ។
ក្រុមហ៊ុន Alibaba ត្រូវបានចោទប្រកាន់ថាជា “អ្នករួមចំណែករួមបញ្ចូលគ្នារវាងយោធា និងស៊ីវិលដល់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ចិន” តាមរយៈទំនាក់ទំនងជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន។ ហើយមិនតែប៉ុណ្ណោះ មន្ទីរបញ្ចកោណក៏បាននិយាយទៀតថា Alibaba មានទំនាក់ទំនងដោយប្រយោលជាមួយនិយតករទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសចិន ដែលគេស្គាល់ថា SASAC ផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Alibaba បាននិយាយថា ការចោទប្រកាន់ទាំងនេះ មិនមានមូលដ្ឋាននៅក្នុងការពិត ឬផ្លូវច្បាប់នោះទេ។ ក្រុមហ៊ុននេះ បានបន្តទៀតថា Alibaba ត្រូវបានគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលឯករាជ្យមួយ ដែលគ្មាននរណាម្នាក់មានទំនាក់ទំនងយោធាឡើយ។ រាល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងសម្រាប់ការលក់រាយ ភស្តុភារ និងបច្ចេកវិទ្យាព័ត៌មានសហគ្រាស មិនមែនសម្រាប់ការផលិតអាវុធ ការពារជាតិ ឬចារកម្មនោះទេ៕

