តម្លៃមាសសកល បានធ្លាក់ចុះមកនៅក្រោម ៤ ០០០ដុល្លារក្នុងមួយអោន ពោលគឺធ្លាក់អស់ជិត ១ ៦០០ដុល្លារ បើធៀបនឹងកម្រិតខ្ពស់បំផុតនៅក្នុងខែមករា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី២៤ ខែមិថុនា តម្លៃមាសបានធ្លាក់ចុះ ១១១ដុល្លារភ្លាមៗ មកត្រឹម ៣ ៩៩៨ដុល្លារក្នុងមួយអោន។ នេះក៏ជាលើកដំបូងផងដែរ គិតចាប់តាំងពីចុងឆ្នាំមុនមកដែលតម្លៃមាសបានធ្លាក់ចុះក្រោមកម្រិត ៤ ០០០ដុល្លារបែបនេះ។
គួរឲ្យដឹងផងដែរថា នៅព្រឹកថ្ងៃទី២៥ មិថុនានេះ តម្លៃមាសនៅតែបន្តស្ថិតនៅកម្រិតទាបដដែល ខណៈទីផ្សាររងសម្ពាធដោយសារតែការកើនឡើងនៃប្រាក់ដុល្លារអាមេរិក និងការរំពឹងទុករបស់វិនិយោគិនកាន់តែខ្លាំងឡើងអំពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed)។
គួរជម្រាបជូនផងដែរថា តម្លៃរបស់ប្រាក់ដុល្លារអាមេរិកដែលបានកើនឡើងយ៉ាងខ្លាំងបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើមាស ខណៈសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងការរឹតបន្តឹងរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំសប្តាហ៍មុនបាននាំឱ្យវិនិយោគិនបង្កើនការព្យាករថាមន្ត្រី Fed នឹងដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ដោយសារតែការព្រួយបារម្ភអំពីសម្ពាធអតិផរណាពីជម្លោះដ៏អូសបន្លាយនៅមជ្ឈិមបូព៌ា៕

