អនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានកំណត់ថា ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់នីមួយៗ ពោលគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា មាន ២ ប្រភេទ រួមមាន៖ ១.ឯកសណ្ឋានផ្លូវការប្រភេទ១ និង ២.ឯកសណ្ឋានផ្លូវការប្រភេទ២។

សម្រាប់ឯកសណ្ឋានផ្លូវការប្រភេទ១ របស់គោរមវន្ត ត្រូវបានកំណត់ដូចខាងក្រោម៖
១.ឯកសណ្ឋានគោរមវន្តបុរស
ក.អាវ៖
-អាវកុត កតាំងដៃវែង ពណ៌កាកអំពៅស្រាល ឆែកខ្នងខាងក្រោមទាំងសងខាង មានឡេវមុខ ពណ៌មាសផុសចំនួន៥គ្រាប់ មានហោប៉ៅកាត់លើទ្រូងខាងឆ្វេងចំនួន១ និងហោប៉ៅប៉ះមាន គម្របរាងស្លឹកពោធិ៍ខាងក្រោមសងខាង ចោះរន្ធដាក់ឡេវពណ៌មាសផុសចំកណ្តាល
-ចុងដៃអាវឆែកទាំងសងខាង មានឡេវចំនួន៤គ្រាប់ ត្រង់ជួរគ្នា
-នៅលើស្មាអាវមានខ្សែរន្ធសងខាងធ្វើពីក្រណាត់ ដែលនៅម្ខាងៗមានរន្ធចំនួន២ សម្រាប់បំពាក់សក្ដិលើស្មា។
ខ.ខោ៖
-ខោជើងវែងត្រង់ ពណ៌កាកអំពៅស្រាល
-ដេរថ្នេរបង្កប់ ចង្កេះត ក្បាលខោវែងស្រួចប្រវែង ៥,៥សង់ទីម៉ែត្រ ជីបភ្លីខាងមុខម្ខាងមួយ និង មានហោប៉ៅចំនួន៣
-ហោប៉ៅចំហៀង២ មានមាត់បញ្ឆិត
-ហោប៉ៅកាត់ខាងក្រោយ១ នៅផ្នែកខាងស្តាំដេរបង្កប់មិនមានគម្រប។
គ.ស្បែកជើងនិងស្រោមជើង៖
-ស្បែកជើងឃ្លុប កខ្លី ស្បែកពណ៌ខ្មៅ កែងកម្ពស់ ៣សង់ទីម៉ែត្រឬកែងរាបស្មើ
-ស្រោមជើងពាក់កណ្តាលស្មងជើង ពណ៌ខ្មៅ។
២.ឯកសណ្ឋានគោរមវន្តនារី
ក.អាវ៖
-អាវកបើក ដៃវែង ពណ៌កាកអំពៅស្រាល ឆែកខ្នងខាងក្រោមមួយចំកណ្តាល មានជីបរាងខ្នង មកក្រោមតាមលក្ខណៈអាវនារី មានឡេវមុខពណ៌មាសផុសចំនួន៥គ្រាប់ និងមានហោប៉ៅ ខាងមុខដេរបង្កប់ចំនួន២ នៅខាងក្រោមខិតចំហៀងចំចង្កេះទាំងសងខាង ដែលហោប៉ៅម្ខាងៗ មានគម្របរាងស្លឹកពោធិ៍ខាងក្រោម ចោះរន្ធដាក់ឡេវពណ៌មាសផុសចំកណ្តាល
-នៅចុងដៃអាវឆកទាំងសងខាង មានឡេវចំនួន៣គ្រាប់ ត្រង់ជួរគ្នា
-នៅលើស្មាអាវមានខ្សែរន្ធសងខាងធ្វើពីក្រណាត់ ដែលនៅម្ខាងៗមានរន្ធចំនួន២ សម្រាប់បំពាក់សក្តិលើស្មា។
ខ.សំពត់បត់៖
-សំពត់បត់ ពណ៌កាកអំពៅស្រាល
-សម្រុងត្រឹមភ្នែកគោរ។
គ.ស្បែកជើង និងស្រោមជើង៖
-ស្បែកជើងកែងចោត កខ្លី ស្បែកពណ៌ខ្មៅ កែងកម្ពស់ ៥សង់ទីម៉ែត្រ ឬកែងរាបស្មើ
-ស្រោមជើងកខ្លី ពណ៌ខ្មៅ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់នីមួយៗ ពោលគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ក្នុងគោលបំណងដើម្បីធានាឱ្យមានឯកសណ្ឋានភាព ការលើកទឹកចិត្ត និងការពង្រឹងការទទួលខុសត្រូវក្នុងការអនុវត្តការងារផ្នែកសង្គមកិច្ច ការលើកតម្កើងកិត្តិយស សីលធម៌ គុណតម្លៃ និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា៕





