អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារពិសេសក្នុងឱកាសខួបកំណើតគម្រប់ ២០ឆ្នាំ កូនប្រុសច្បង ឧកញ៉ា គិត ស៊ូឡា ដែលឈានជើងចូលទសវត្សរ៍ថ្មីនៃជីវិត និងជាវ័យដ៏មានសក្តានុពល។

តាមរយៈសារលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃអង្គារនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងបែបនេះថា៖ “រីករាយថ្ងៃខួបកំណើតគម្រប់២០ឆ្នាំ កូនប្រុសច្បងរបស់យើង គិត ស៊ូឡា! កូនប្រុស ថ្ងៃនេះ កូនឈានជើងចូលទៅក្នុងទសវត្សរ៍ថ្មីនៃជីវិត។ កូនលែងជាក្មេងចំទង់ទៀតហើយ ប៉ុន្តែជាបុរសវ័យក្មេង ដែលពោរពេញដោយសមត្ថភាព និងសក្តានុពលនៅក្នុងដំណើរជីវិត។ នៅអាយុត្រឹមតែ២០ឆ្នាំ កូនមានចិត្តមោះមុត មានភាពច្បាស់លាស់ និងមានការខិតខំប្រឹងប្រែង បីដូចជាកូនមានបទពិសោធច្រើនជាងអាយុកូនទៅទៀត។ ប៉ាមានមោទនភាពក្រៃលែងចំពោះបុគ្គលិកលក្ខណៈរបស់កូននាពេលនេះ”។
អ្នកឧកញ៉ា បានបន្តថា៖ “ការមើលឃើញកូនរីកលូតលាស់ទៅជាមនុស្សម្នាក់ដែលមានចក្ខុវិស័យខ្ពស់ មានក្តីមេត្តា និងគោលបំណងដ៏មុតមាំ គឺជាពរជ័យមួយដ៏អស្ចារ្យបំផុតនៅក្នុងជីវិតប៉ា។ នៅឆ្នាំនេះ នៅពេលដែលកូនមានទំនួលខុសត្រូវកាន់តែច្រើនក្នុងអាជីវកម្មគ្រួសាររបស់យើង ប៉ានឹកដល់ដំណើរជីវិតផ្ទាល់ខ្លួនរបស់ប៉ា គឺចាប់ផ្តើមពីតូច មានក្តីស្រមៃធំ ហើយបានកសាងអ្វីដែលយើងមានសព្វថ្ងៃនេះ។ ប៉ាពិតជាត្រេកអរដែលឃើញកូនចូលរួមជាផ្នែកមួយសំខាន់នៃធុរកិច្ចដ៏មានតម្លៃនេះតទៅមុខ”។
ក្នុងវ័យឈានដល់អាយុ២០ឆ្នាំ អ្នកឧកញ៉ា គិត ម៉េង គូសរំលេចឱ្យដឹងថា ឧកញ៉ា គិត ស៊ូឡា នឹងយល់ដឹងអ្វីៗជាច្រើនដូចជា៖
-យល់ដឹងថាភាពជោគជ័យមិនមែនវាស់វែងដោយអ្វីដែលសម្រេចបាននោះទេ។ ភាពជោគជ័យគឺជាការអភិវឌ្ឍបុគ្គលិកលក្ខណៈ។
-នឹងយល់ដឹងថាអ្នកដឹកនាំល្អគឺជាអ្នកស្តាប់ច្រើនជាងនិយាយ ជាអ្នកផ្តល់ជំនួយ និងការគាំទ្រជាជាងបង្គាប់បញ្ជា។
-នឹងយល់ដឹងថាបរាជ័យមិនមែនជាទីបញ្ចប់ទេ ប៉ុន្តែជារឿយៗ បរាជ័យជាការចាប់ផ្តើមអ្វីមួយដ៏មានឥទ្ធិពលបំផុត។
-នឹងយល់ថាភាពឆ្លាតវៃ ឬទេពកោសល្យគឺសំខាន់ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងខ្លាំងរឹងមាំពិតប្រាកដនោះ គឺភាពធន់ គុណតម្លៃ និងទឹកចិត្ត។
ជាចុងបញ្ចប់ អ្នកឧកញ៉ា គិត ម៉េង បានផ្តាំផ្ញើបែបនេះទៀតថា៖ “កូនប្រុស កូនត្រូវមានក្តីស្រមៃធំ។ ចូរកូនធ្វើជាអ្នកដឹកនាំប្រកបដោយក្តីសប្បុរស។ ចូរកូនរស់ក្នុងជីវិតមួយប្រកបដោយភាពសាមញ្ញ និងសុចរិត ដោយយកគុណតម្លៃទាំងនេះធ្វើជាអ្នកដឹកនាំកូន។ ចូរកូនបន្តធ្វើជាអ្នកចង់ចេះចង់ដឹង រក្សាឫករមទម និងបន្តអភិវឌ្ឍខ្លួនរហូត។ កូនទើបតែចាប់ផ្តើមដំណាក់កាលដ៏អស្ចារ្យនៃភាពពេញវ័យ ហើយប៉ាដឹងថាសកម្មភាពរបស់កូននឹងមានឥទ្ធិពល ឋិតឋេរ និងមានន័យ។ យើងជាឪពុកម្តាយ ជាគ្រួសាររបស់កូន មានមោទនភាពយ៉ាងខ្លាំងចំពោះកូន។ នេះជាដំណើរឆ្ពោះទៅមុខរបស់កូន។ រីករាយថ្ងៃខួបកំណើតគម្រប់២០ឆ្នាំ កូនប្រុស គិត ស៊ូឡា! វត្តមានរបស់កូននឹងធ្វើឲ្យយើងទាំងអស់គ្នាកាន់តែប្រសើរទ្បើង”៕









