លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងអ្នកឧកញ៉ា គៀន ស្រីនាង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនយោធិនសម្រាកព្យាបាល និងជនភៀសសឹកចំនួន ៤០០គ្រួសារ មកពីតាមបណ្តាខេត្តនានា កំពុងស្នាក់នៅបណ្តោះអាសន្ននៅស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ។

អំណោយដែលបាននាំទៅចែកជូនជនភៀសសឹក នាពេលនោះរួមមាន៖ មីកញ្ចប់ ចំនួន ៤០០កេស, ទឹកត្រី ចំនួន ៤០០យួរ, ទឹកស៊ីអ៉ីវ ចំនួន ៤០០យួរ, ត្រីខ ចំនួន ៤០០យួរ, ឃីត (មុង ភួយ សារ៉ុង) ចំនួន ៤០០ឃីត, អង្ករ ចំនួន ៨តោន និងថវិកាចំនួន ២០.០០០.០០០រៀល ក្នុងមួយគ្រួសារទទួលបាន ៥០.០០០រៀល។ ក្រៅពីបងប្អូនជនភៀសសឹកទាំង ៤០០គ្រួសារ ក្មេងៗដែលត្រូវជាកូន ជាចៅ និងក្មួយៗរបស់ពួកគាត់ប្រមាណ ២៦០នាក់ ក៏ទទួលបាន ថវិកាក្នុង ម្នាក់ៗ ៥០. ០០០ រៀលផងដែរ។
នៅចំពោះមុខជនភៀសសឹក លោកអ្នកឧកញ៉ា ទ្រី ភាព បានសម្តែងការសោកស្តាយ និងរំលែកការលំបាកជាមួយប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ដែលត្រូវបានឃ្លាតឆ្ងាយពីផ្ទះសម្បែង ឬត្រូវខូចខាតផ្ទះសម្បែង ព្រោះការបាញ់ផ្លោងរបស់កងទ័ពថៃ។
លោកអ្នកឧកញ៉ា ក៏បានបង្ហាញពីការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបញ្ចប់សង្គ្រាម កើតពីការឈ្លានពានរបស់កងទ័ពថៃ ដើម្បីនាំមកវិញនូវសុខសន្តិភាព និងឱ្យប្រជាពលរដ្ឋបានត្រឡប់ទៅកាន់លំនៅឋានវិញ។ លោកអ្នកឧកញ៉ា បានគូសរំលេចថា សង្គ្រាមនេះ គឺកើតឡើង ព្រោះមហិច្ឆតាអាក្រក់របស់កងទ័ពថៃ ចង់បានទឹកដីកម្ពុជា ហើយបើកការឈ្លានពានលើដែនដីរបស់កម្ពុជា។
សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលរបស់កម្ពុជា។ ជាក់ស្តែងពលរដ្ឋកម្ពុជាប្រមាណជាងកន្លះលាននាក់ហើយ បានភៀសខ្លួនចេញ ពីផ្ទះសម្បែងគេចចេញពីទម្ងន់គ្រាប់ផ្លោងរបស់កងទ័ពថៃ ដែលបន្តបាញ់ផ្លោងជាបន្តបន្ទាប់៕







