មកស្គាល់ឯកសណ្ឋានផ្លូវការប្រភេទ១ របស់គោរមវន្តតាមលំដាប់ថ្នាក់ «ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

អនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានកំណត់ថា ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់នីមួយៗ ពោលគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា មាន ២ ប្រភេទ រួមមាន៖ ១.ឯកសណ្ឋានផ្លូវការប្រភេទ១ និង ២.ឯកសណ្ឋានផ្លូវការប្រភេទ២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ឯកសណ្ឋានផ្លូវការប្រភេទ១ របស់គោរមវន្ត ត្រូវបានកំណត់ដូចខាងក្រោម៖

១.ឯកសណ្ឋានគោរមវន្តបុរស

ក.អាវ៖

  -អាវកុត កតាំងដៃវែង ពណ៌កាកអំពៅស្រាល ឆែកខ្នងខាងក្រោមទាំងសងខាង មានឡេវមុខ ពណ៌មាសផុស​ចំនួន៥គ្រាប់ មានហោប៉ៅកាត់លើទ្រូងខាងឆ្វេងចំនួន១ និងហោប៉ៅប៉ះមាន គម្របរាងស្លឹកពោធិ៍ខាងក្រោម​សងខាង ចោះរន្ធដាក់ឡេវពណ៌មាសផុសចំកណ្តាល

  -ចុងដៃអាវឆែកទាំងសងខាង មានឡេវចំនួន៤គ្រាប់ ត្រង់ជួរគ្នា

  -នៅលើស្មាអាវមានខ្សែរន្ធសងខាងធ្វើពីក្រណាត់ ដែលនៅម្ខាងៗមានរន្ធចំនួន២ សម្រាប់បំពាក់សក្ដិលើស្មា។

ខ.ខោ៖

  -ខោជើងវែងត្រង់ ពណ៌កាកអំពៅស្រាល

  -ដេរថ្នេរបង្កប់ ចង្កេះត ក្បាលខោវែងស្រួចប្រវែង ៥,៥សង់ទីម៉ែត្រ ជីបភ្លីខាងមុខម្ខាងមួយ និង មានហោប៉ៅចំនួន៣

  -ហោប៉ៅចំហៀង២ មានមាត់បញ្ឆិត

  -ហោប៉ៅកាត់ខាងក្រោយ១ នៅផ្នែកខាងស្តាំដេរបង្កប់មិនមានគម្រប។

គ.ស្បែកជើងនិងស្រោមជើង៖

  -ស្បែកជើងឃ្លុប កខ្លី ស្បែកពណ៌ខ្មៅ កែងកម្ពស់ ៣សង់ទីម៉ែត្រឬកែងរាបស្មើ

  -ស្រោមជើងពាក់កណ្តាលស្មងជើង ពណ៌ខ្មៅ។

២.ឯកសណ្ឋានគោរមវន្តនារី

ក.អាវ៖

  -អាវកបើក ដៃវែង ពណ៌កាកអំពៅស្រាល ឆែកខ្នងខាងក្រោមមួយចំកណ្តាល មានជីបរាងខ្នង មកក្រោមតាម​លក្ខណៈអាវនារី មានឡេវមុខពណ៌មាសផុសចំនួន៥គ្រាប់ និងមានហោប៉ៅ ខាងមុខដេរបង្កប់ចំនួន២ នៅខាង​ក្រោម​ខិតចំហៀងចំចង្កេះទាំងសងខាង ដែលហោប៉ៅម្ខាងៗ មានគម្របរាងស្លឹកពោធិ៍ខាងក្រោម ចោះរន្ធដាក់​ឡេវពណ៌មាសផុសចំកណ្តាល

  -នៅចុងដៃអាវឆកទាំងសងខាង មានឡេវចំនួន៣គ្រាប់ ត្រង់ជួរគ្នា

  -នៅលើស្មាអាវមានខ្សែរន្ធសងខាងធ្វើពីក្រណាត់ ដែលនៅម្ខាងៗមានរន្ធចំនួន២ សម្រាប់បំពាក់សក្តិលើស្មា។

ខ.សំពត់បត់៖

  -សំពត់បត់ ពណ៌កាកអំពៅស្រាល

  -សម្រុងត្រឹមភ្នែកគោរ។

គ.ស្បែកជើង និងស្រោមជើង៖

  -ស្បែកជើងកែងចោត កខ្លី ស្បែកពណ៌ខ្មៅ កែងកម្ពស់ ៥សង់ទីម៉ែត្រ ឬកែងរាបស្មើ

  -ស្រោមជើងកខ្លី ពណ៌ខ្មៅ។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្តតាមលំដាប់ថ្នាក់នីមួយៗ ពោលគឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា ក្នុងគោលបំណងដើម្បីធានាឱ្យមានឯកសណ្ឋានភាព ការលើកទឹកចិត្ត និងការពង្រឹងការ​ទទួលខុសត្រូវក្នុងការអនុវត្តការងារផ្នែកសង្គមកិច្ច ការលើកតម្កើងកិត្តិយស សីលធម៌ គុណតម្លៃ និងសេចក្តី​ថ្លៃថ្នូរនៃគោរមងារឧកញ៉ា៕