ក្រុមហ៊ុន Jaguar Land Rover ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេ Tata Motors កំពុងប្រមូលរថយន្ត SUV របស់ខ្លួនចំនួន ២៥០ ៨៥៧ គ្រឿងនៅសហរដ្ឋអាមេរិក មកជួសជុលវិញ ដោយសារបញ្ហាពោងសុវត្ថិភាព ដែលអាចបង្កើនហានិភ័យនៃការរងរបួសក្នុងករណីមានគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋបាលសុវត្ថិភាពផ្លូវជាតិសហរដ្ឋអាមេរិក (NHTSA) បានរាយការណ៍ឲ្យដឹងទៀតថា ជុំវិញការប្រមូលមកវិញរបស់ក្រុមហ៊ុន Jaguar សារនេះ រួមមានម៉ូដែល Land Rover Defender, Discovery និង Range Rover មួយចំនួនផងដែរ។
NHTSA បាននិយាយទៀតថា ឧបករណ៍ភ្ជាប់ Clockspring នៃពោងសុវត្ថិភាពរបស់រថយន្តដែលមានបញ្ហាទាំងនោះ អាចនឹងខូច ដែលបណ្តាលឲ្យវាមិនដំណើរការ នៅក្នុងករណីបុកប៉ះណាមួយកើតឡើង។
ជម្រាបជូនផងដែរថា តំណាងចែកចាយរថយន្តរបស់ក្រុមហ៊ុន Jaguar Land Rover បានប្រកាសទទួលខុសត្រូវប្រមូលរថយន្តដែលជួបបញ្ហានេះមកជូសជុលជូនអតិថិជនរបស់ខ្លួនវិញដោយមិនគិតថ្លៃសេវាអ្វីទាំងអស់៕

