ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក Amazon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ១៣ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣០ នៅក្នុងប្រទេសឥណ្ឌា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជុំវិញការវិនិយោគថ្មីចុងក្រោយនេះ គឺជាការបន្ថែមទៅលើកញ្ចប់ថវិកាចំនួន ៣៥ពាន់លានដុល្លារដែលបានគ្រោងទុក និងត្រូវបានប្រកាសកាលពីឆ្នាំមុន ដែលនាំឱ្យការវិនិយោគរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសនេះ កើនដល់ ៤៨ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣០។
គួរឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដេលី។
លោក Jassy បាននិយាយនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖”យើងបានចែករំលែកថា យើងកំពុងវិនិយោគ ៤៨ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយក្នុងនោះ ២១ពាន់លានដុល្លារនឹងត្រូវផ្តោតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud”។
គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក បានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញពីភាពលេចធ្លោរបស់ប្រទេសនេះ ក្នុងនាមជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ការរីកចម្រើននៃ Cloud, AI និងបច្ចេកវិទ្យាស៊ីជ្រៅនាពេលអនាគតផ្សេងទៀត៕

