ក្រុមហ៊ុនចិន CCCC នឹងជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ដែលជាក្រុមហ៊ុនវិនិយោគធំមួយនៅចិន បានបញ្ជាក់ថា នឹងប្តេជ្ញាជួយជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយលោក សុង ហៃឡាង ប្រធានក្រុមហ៊ុន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនោះ លោក សុង ហៃឡាង បានចាត់ទុក សម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម និងតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមកនៅក្នុងដំណើរការអាជីវកម្មលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ លោកថាក្រុមហ៊ុនរបស់លោកនៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពនៅក្នុងសាខាក្រុមហ៊ុនរបស់លោកនៅក្នុងកម្ពុជាដែលក្រុមហ៊ុនរបស់លោកដែលមានសាខានៅក្នុងប្រទេសកម្ពុជាមានរហូតដល់ទៅ២៣សាខា ដែលកម្មករភាគច្រើនជាង៧០% គឺជាកម្មករជាជនជាតិខ្មែរ។

លោក ក៏បានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាជាពិសេសគឺការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់កម្ពុជាទៅលើការផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង ដែលជាចំណុចមួយដែលលោកបានជម្រាបជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅពេលដែលលោកទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលកន្លងមក។ សម្ដេច បានជំរុញឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើគម្រោងនានាដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។ សម្ដេចតេជោ ក៏បានជំរុញឱ្យមានការយកចិត្តទុកដាក់និងការគាំទ្របន្ថែមទៀតទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាប់ដែរថា រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន CCCC មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោងនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។ តំណាងក្រុមហ៊ុននេះ ក៏បង្ហាញការពេញចិត្តនៅក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោកបានចុះហត្ថលេខាជាមួយនឹងកម្ពុជា ហើយនឹងបន្តគាំទ្រនូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕ អត្ថបទ៖ហ្សាលីន