ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានបិទគេហទំព័រជិត ៤០០ ដែលប្រើសម្រាប់ការផ្សាយការប្រកួតបាល់ទាត់ពិភពលោក World Cup ដោយខុសច្បាប់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការកេងចំណេញពីប្រជាប្រិយភាពនៃការប្រកួតដ៏ធំបំផុតមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី២៦ ខែមិថុនាថា ឈ្មោះវេបសាយទាំងនោះត្រូវបានកំណត់អត្តសញ្ញាណដោយមានជំនួយពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) និងអង្គភាពផ្សេងទៀត រួមទាំង NBC Universal និង Warner Bros ផងដែរ។
គួរឲ្យដឹងថា គេហទំព័រទាំងនេះផ្តល់ជូនអ្នកប្រើប្រាស់នូវខ្លឹមសារដែលមានការរក្សាសិទ្ធិដោយខុសច្បាប់ ក្នុងទម្រង់ជាការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោកដែលកំពុងដំណើរការ។
ទន្ទឹមនឹងនេះ លោក Eric Weindorf ភ្នាក់ងារពិសេសនៃការស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបាននិយាយថា ៖”គេហទំព័រលួចចម្លងទាំងនេះមិនត្រឹមតែរំលោភលើច្បាប់រក្សាសិទ្ធិប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកទស្សនាប្រឈមនឹងការគំរាមកំហែងជាច្រើនផងដែរ រួមទាំងការវាយប្រហារដោយមេរោគ និងការតភ្ជាប់មិនមានសុវត្ថិភាពដែលអាចលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ”។
គួរជម្រាបជូនថា ព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ២០២៦ បានចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ដែលក្នុងនោះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតកំពុងត្រូវបានលេងនៅក្នុងទីក្រុងចំនួន ១៦ ទូទាំងប្រទេសទាំងបីនេះ រហូតដល់ថ្ងៃទី១៩ ខែកក្កដា៕

